ព័ត៌មានអន្តរជាតិ

ចិនសម្រេចលើកលែងទិដ្ឋាការដល់ពលរដ្ឋអង់គ្លេស និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោយជំនួបរវាងមេដឹកនាំទាំងពីរ

image


អង់គ្លេស-ចិន៖ ជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីអង់គ្លេស លោក គែរ ស្តារម័រ (Keir Starmer) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅឯរដ្ឋធានីប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ បានឈានដល់សមិទ្ធផលដ៏លេចធ្លោបំផុត គឺការសម្រេចអនុញ្ញាតឱ្យពលរដ្ឋអង់គ្លេស អាចធ្វើដំណើរទៅកាន់ប្រទេសចិនដោយមិនបាច់សុំទិដ្ឋាការ (Visa) សម្រាប់ការស្នាក់នៅរហូតដល់ ៣០ ថ្ងៃ ក្នុងគោលបំណងទេសចរណ៍ និងធុរកិច្ច ។
ការសម្រេចនេះបានធ្វើឱ្យចក្រភពអង់គ្លេសទទួលបានសិទ្ធិពិសេសដូចទៅនឹងប្រទេសជិត ៥០ ផ្សេងទៀតដែរ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងការស្វែងរកឱកាសធ្វើពាណិជ្ជកម្មឱ្យកាន់តែងាយស្រួល និងចំណេញពេលវេលាជាងមុន។ ជំនួបខាងលើនេះ កើតមានឡើងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ ជាជំនួប ដែលបង្ហាញពីជំហានថ្មីមួយ ក្នុងការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរឡើងវិញ ។
ក្រៅពីរឿងទិដ្ឋាការ ក៏មាននូវការប្រកាសពីកិច្ចព្រមព្រៀងសំខាន់ៗផ្សេងទៀត រួមមាន ការកាត់បន្ថយពន្ធលើប្រភេទស្រាវីស្គី (Whisky) របស់អង់គ្លេស និងការរួមគ្នាទប់ស្កាត់សកម្មភាពចំណាកស្រុកដោយខុសច្បាប់ ជាពិសេសការរត់ពន្ធមនុស្សតាមទូកតូចៗ។ ជាមួយគ្នានេះ ប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នា សិក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មទ្វេភាគី ដើម្បីជួយឱ្យក្រុមហ៊ុនអង់គ្លេសអាចធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារចិនបានយ៉ាងទូលំទូលាយ និងមានច្បាប់ការពារច្បាស់លាស់ ។
ក្នុងអំឡុងជំនួបនោះដែរ លោកស្តារម័រ (Starmer) បានលើកឡើងថា ចក្រភពអង់គ្លេស និងសាធារណរដ្ឋប្រជាមានិតចិន គួរតែបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង និងមានស្ថិរភាព ដើម្បីផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកបានបន្ថែមថា ចិនដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពិភពលោក ដូច្នេះទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវតែមានភាពចាស់ទុំ និងផ្អែកលើការពិតជាក់ស្ដែង ។
ចំណែកលោកប្រធានាធិបតី ស៊ី (Xi) ឯណោះវិញ ក៏បានយល់ស្របផងដែរ ដោយលោកបានមានប្រសាសន៍ថា ភាគីទាំងពីរត្រូវតែពង្រឹងការសន្ទនា និងកិច្ចសហប្រតិបត្តិការ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសនីមួយៗគួរតែគោរពគ្នាទៅវិញទៅមក ចេះដោះស្រាយភាពខុសគ្នា និងធ្វើការជាមួយគ្នាដើម្បីការពារសន្តិភាព និងស្ថិរភាព ក្នុងអំឡុងពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ។
ជាចុងក្រោយ លោក ស្តារម័រ (Starmer) បានចាត់ទុកជំនួបនេះថាជាជំនួបដែលទទួលបានផ្លែផ្កា និងបញ្ជាក់ដែរថា ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតក្នុងស្ថានភាពដ៏រឹងមាំមួយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Sky News/ VIORY | រូបភាព៖ VIORY/ Sky News/ PA/ i viewfinder/Shutterstock/ GagoDesign/Shutterstock