លោករដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា-រដ្ឋ កាលីហ្វ័រញ៉ា ដើម្បីពិភាក្សាការងារ និងពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម
ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ កាលីហ្វ័រញ៉ា ដឹកនាំដោយលោក Kim Chha Hout ប្រធានសភាពាណិជ្ជកម្មកម្ពុជា-រដ្ឋកាលីហ្វ័រញ៉ា ដើម្បីពិភាក្សាការងារនិងពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម ជំរុញកសិ-ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនអាមេរិក។
ក្នុងជំនួប លោករដ្ឋមន្រ្តី បានទទួលស្វាគមន៍វិនិយោគិនអាមេរិក ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម សំដៅបំពេញឱ្យគ្នាទៅវិញទៅមក និងទទួលផលចំណេញទាំងអស់គ្នា ហេីយលេីកទឹកចិត្តឱ្យវិនិយោគិនទាំងអស់ដែលមានបំណងចង់វិនិយោគលេីវិស័យផលិតកម្មសត្វ ការកែច្នៃ និងវេចខ្ចប់ បន្តពិនិត្យលទ្ធភាពដេីម្បីឱ្យការវិនិយោគទទួលបានជោគជ័យ។
លោករដ្ឋមន្រ្តី ក៏បានជំរុញដល់ធុរជនអាមេរិក ពង្រឹងនិងពង្រីកការវិនិយោគនិងការធ្វេីកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហេីយក្រសួងកសិកម្មនឹងរួមចំណែកសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះ៕