ព័ត៌មានជាតិ

លោកជំទាវរដ្ឋមន្ត្រី ចម និម្មល លើកទឹកចិត្តដល់សហគ្រាស និងក្រុមហ៊ុនធំៗនៅក្នុងស្រុក ត្រូវបន្តអភិវឌ្ឍន៍ខ្លួន ដើម្បីអាចទាញនូវអត្ថប្រយោជន៍ជាអតិបរមាពីភាពអនុគ្រោះពាណិជ្ជកម្មផ្សេងៗ

image


ភ្នំពេញ៖ លោកជំទាវរដ្ឋមន្ត្រី ចម និម្មល លើកទឹកចិត្តដល់សហគ្រាសនិងក្រុមហ៊ុនធំៗនៅក្នុងស្រុក ត្រូវបន្តអភិវឌ្ឍន៍ខ្លួន ព្រមទាំងពង្រឹងនូវសមត្ថភាពនិងលទ្ធភាពរបស់ខ្លួន ដើម្បីអាចទាញនូវអត្ថប្រយោជន៍ជាអតិបរមាពីភាពអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗទៀត។
ការលើកទឹកចិត្តបែបនេះរបស់លោកជំទាវរដ្ឋមន្ត្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសអញ្ជើញជាគណៈអធិបតីបិទពិធីមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល បណ្តាអង្គទូតប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មរាជធានី ខេត្ត ថ្នាក់ដឹកនាំក្រុមការងារវិស័យឯកជន, ថ្នាក់ដឹកនាំការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេស និងដៃគូពាក់ព័ន្ធ ក៏ដូចជា សមាជិក សមាជិការ នៃសភាពាណិជ្ជកម្មកម្ពុជា។
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ ដែលទន្ទឹមទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរទ្បើងបន្ថែមទៀតនៃបរិយាការធុរកិច្ចនិងវិនិយោគ និងពង្រឹងនិងពង្រីកទីផ្សារនាំចេញ-នាំចូល។
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរៀបចំមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដ៏មានសារៈសំខាន់នេះទ្បើង ដែលផ្តល់ឱកាសដល់តំណាងវិស័យឯកជន បានជួបពិភាក្សាលើការវិវត្តថ្មីនៃស្ថានភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជានៅតំបន់និងសកលលោក ជាពិសេសដើម្បីអាចផ្លាស់ប្តូរយោបល់និងលើកជាដំណោះស្រាយលើបញ្ហាប្រឈមនានា ដែលបាននិងកំពុងជួបប្រទះជាដើម។
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានជម្រាបជូនអំពីសមិទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបាននាពេលកន្លងមក ជាពិសេសលើការងារធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈក្រសួង តាមរយៈការដាក់ចេញនូវប្រកាស ស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ដោយផ្តោតសំខាន់លើការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ និងការលើកលែងការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ។
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជា តំណាងវិស័យឯកជនទាំងអស់ចូលរួមឱ្យបានផុសផុលក្នុងកិច្ចពិភាក្សាមហាសន្និបាតនេះ ជាពិសេសការចូលរួមផ្តល់ជាគំនិតយោបល់ និងធាតុចូល រួមចំណែកក្នុងការចូលរួមរៀបចំ និងអនវុត្តគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល សំដៅពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ លើកកម្ពស់សកម្មភាពពាណិជ្ជកម្មក្នុងប្រទេស និងជំរុញការនាំចេញ ស្របពេលដែលកម្ពុជាគ្រោងនឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខនេះ៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ, លឹម មុនី និងអ៊ុន ផាន់ណាត