ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើកូរ៉េខាងត្បូង បន្ដតាមដាន និងចែករំលែកព័ត៌មានករណីឧក្រិដ្ឋកម្មអនឡាញ ដែលបណ្ដាលឲ្យនិស្សិតកូរ៉េខាងត្បូងម្នាក់ស្លាប់នៅកម្ពុជា តែឧក្រិដ្ឋជន បែរជាត្រូវបានចាប់ខ្លួននៅថៃទៅវិញ

image


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើកូរ៉េខាងត្បូង ចែករំលែកព័ត៌មានជុំវិញករណីឧក្រិដ្ឋកម្មតាមអនឡាញ ដែលបណ្ដាលនិសិ្សតកូរ៉េខាងត្បូងបាត់បង់ជីវិតក៏ប៉ុន្ដែឧក្រិដ្ឋជនបែរត្រូវបានចាប់ខ្លួននៅប្រទេសថៃទៅវិញ។
ការលើកឡើងបែបនេះ នាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជុំវិញបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដោយសម្ដេចតេជោ បានកោតសរសើរក្រុមការងារចម្រុះ កម្ពុជា-កូរ៉េ ដែលបានខិតខំប្រឹងប្រែងបង្រ្កាបបទល្មើសឧក្រិដ្ឋកម្មអនឡាញទទួលបានលទ្ធផលជាបន្ដបន្ទាប់ ហើយសម្ដេចតេជោ ក៏បានឆ្លៀតចូលរួមរំលែកទុក្ខចំពោះករណីនិសិ្សតកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានឧក្រិដ្ឋជនធ្វើទារុណកម្មរហូតបាត់បង់ជីវិតនៅក្នុងប្រទេសកម្ពុជា ដែលសម្ដេចមានការសោកស្ដាយជាខ្លាំងចំពោះករណីដែលបានកើតឡើង។
ស្របជាមួយគ្នានេះ សម្ដេចតេជោក៏បានចោទជាសំនួរ និងបានស្នើភាគីកូរ៉េចែករំលែកនូវព័ត៌មានទាក់ទង នឹងឧក្រិដ្ឋជនដែលបានសម្លាប់និសិ្សតកូរ៉េខាងត្បូង នៅក្នុងប្រទេសកម្ពុជា តែបែរជាត្រូវបានចាប់ខ្លួននៅឯប្រទេសថៃទៅវិញ ដែលត្រង់ចំណុចនេះ សម្ដេចលើកឡើងដោយចម្លែកចិត្ដ ថា ហេតុអ្វីឧក្រិដ្ឋជនអាចបោកនិស្សិតកូរ៉េខាងត្បូង មកសម្លាប់នៅប្រទេសកម្ពុជា ហើយឧក្រិដ្ឋជននោះបែរជាត្រូវបានចាប់ខ្លួននៅឯទឹកដីប្រទេសថៃ។
ត្រង់ចំនុចនេះ សម្ដេចតេជោ ចង់ឲ្យភាគីកូរ៉េ និងថៃ ដែលមានកិច្ចសហការជាមួយគ្នាលើការបង្ក្រាបបទល្មើសអនឡាញឲ្យចែករំលែកព័ត៌មានទាំងនេះដើម្បីធានាអំពីតម្លាភាព ព្រោះកម្ពុជាត្រូវឈ្វេងយល់បន្ថែមពីចំនុចស៊ីជម្រៅនៃករណីនេះដើម្បីឈានទៅរកការដោះស្រាយបញ្ហា ពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញឲ្យមានប្រសិទ្ធភាព។
ជាការឆ្លើយតបលោកKim Changyong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានអរគុណកម្ពុជាដែលសហការបានយ៉ាងល្អជាមួយកូរ៉េខាងត្បូង និងបានបង្កើតក្រុមការងារចម្រុះកម្ពុជា-កូរ៉េខាងត្បូងកាលពីខែវិច្ឆិកា កន្លងទៅ ហើយលោកក៏បានរំលេចថា ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានកោតសរសើរក្រុមការងារប្រទេសទាំងពីរចំពោះកិច្ចខិតខំប្រឹងប្រែងបង្ក្រាបករណីឆបោកអនឡាញនេះផងដែរ។
ជុំវិញការចែករំលែកព័ត៌មានអំពីករណីដែលសម្ដេចតេជោបានលើកឡើង លោកនឹងរាយការណ៍បន្ថែមទៅកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងចំពោះការស្នើនេះ ហើយលោកសង្ឃឹមថា ភាគីទាំង៣ កូរ៉េខាងត្បូង កម្ពុជា និងថៃ នឹងសហការគ្នាដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនេះ ហើយលោក ក៏បានរំលេចពីការយកចិត្ដទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងសហការក្នុងការបង្ក្រាបបទល្មើសអនឡាញនេះផងដែរ៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង,ប៉ក់ សុឃីម