ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្តល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់១០០%

image


កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទចំណុះមន្ទីរអង្គភាពជុំវិញខេត្តចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ គ្រាដែលមណ្ឌលព័ត៌មាន និងហេដ្ឋារចនាសម្ព័ននានានៅដំណាក់ដំរីរួចរាល់១០០%។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា តាមរយៈគម្រោង (និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា) របស់ក្រសួងបរិស្ថានបានបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដើម្បីបម្រើដល់វិស័យទេសចរណ៍។ ការ​អភិវឌ្ឍន៍តំបន់ព្រៃភ្នំដ៏មានសក្ដានុពល​នេះ ធ្វើឡើងក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាសហគមន៍ តាមរយៈការបម្រើសេវាទេសចរណ៍។ ជាងនេះទៀតការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភ្នំខ្នងផ្សារនេះដែរ ក៏ដើម្បីបម្រើឱ្យគោលដៅ «លំហែបៃតង» តាមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលគឺសម្ដេច ហ៊ុន ម៉ាណែត កាលពីអំឡុងដែលសម្តេចបានអញ្ជើញដោយផ្ទាល់ក្នុងការសម្រាកលំហែរលើភ្នំខ្នងផ្សារ។
លើកឡើងក្នុងឱកាសនោះដែរ លោក ជាម ចន្ទ័សោភ័ណ ក៏បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ នឹងជួយផ្សព្វផ្សាយអំពីការគាំទ្ររបស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ព្រមទាំងជួយជំរុញចលនាទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន។ ការងារនេះនឹងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍នានា ដែលទាំងនេះក៏បានចូលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពផងដែរ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងរៀបចំរបៀងគោលដៅលំហែបៃតងនោះដែរ លោកបានក្រើនរំឭកបន្ថែមដល់មន្តី្រជំនាញបច្ចេកទេសទាំងអស់ត្រូវពន្លឿនការសាងសង់ធ្វើយ៉ាងណាអាចស្រូបទាញភ្ញៀវទេសចរណ៍ឱ្យមកលេងកម្សាន្ត និងគយគន់ធម្មជាតិលើភ្នំខ្នងផ្សារបានកាន់តែច្រើន។
សូមបញ្ជាក់ថា ភ្នំខ្នងផ្សារគឺជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលមានទីតាំងប្រសព្វមុំ៣ គឺខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ ភ្នំនេះសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ភ្នំខ្នងផ្សារ មានកម្ពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ។ មិនតែប៉ុណ្ណោះភ្នំនេះមានទេសភាពស្អាតគ្រប់រដូវកាល និងមានចម្ងាយប្រមាណ​១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងជាង៨០គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺ៕
អត្ថបទ៖ ប៊ុត សារុន