ព័ត៌មានអន្តរជាតិ

តំណាងរាស្ត្របារាំង គាំទ្រផែនការលោក ម៉ាក្រុង ដែលហាមឃាត់ក្មេងក្រោម១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្ដាញសង្គម

image


បារាំង៖ បន្ទាប់ពីការពិភាក្សាដេញដោលគ្នាយ៉ាងយូររហូតដល់ទៀបភ្លឺថ្ងៃអង្គារ សមាជិកសភានៃរដ្ឋសភាបារាំង បានអនុម័តច្បាប់មួយដែលនឹងហាមឃាត់យ៉ាងតឹងរ៉ឹងមិនឱ្យកុមារអាយុក្រោម ១៥ឆ្នាំ ចូលប្រើប្រាស់បណ្ដាញសង្គម ដើម្បីការពារសុខភាពផ្លូវចិត្ត និងការរីកលូតលាស់នៃខួរក្បាលរបស់ពួកគេ ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាពផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី អេម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron)។ លោកម៉ាក្រុង បានស្វាគមន៍លទ្ធផលគាំទ្រ ១៣០ ទល់នឹង ២១ សំឡេង ថាជា «ជំហានដ៏ធំមួយ» បន្ទាប់ពីលោកបានព្រមានជាច្រើនសប្តាហ៍ថា ការប្រើប្រាស់បណ្ដាញសង្គមក្នុងចំណោមអនីតិជន គឺជាវិបត្តិសុខភាពសាធារណៈ។ លោកយល់ថា កូនៗ និងយុវជនបារាំងមិនមែនសម្រាប់ទទួលរងការអូសទាញតាមចិត្ត ដោយប្រព័ន្ធបច្ចេកវិទ្យារបស់មហាអំណាចអាម៉េរិក ឬចិននោះទេ ។
ទោះបីជាទទួលបានសំឡេងគាំទ្រភាគច្រើនក៏ដោយ ក៏មានការជំទាស់ពីបក្សប្រឆាំង និងក្រុមការពារសិទ្ធិឌីជីថលមួយចំនួនផងដែរ។ អ្នករិះគន់យល់ថា វិធានការនេះគឺជា «ការគ្រប់គ្រងជ្រុលហួសហេតុ» ហើយវាមិនបានដោះស្រាយបញ្ហាឫសគល់នៃភាពងប់ងល់នឹងបណ្ដាញសង្គមនោះទេ។ ពួកគេបារម្ភថា វានឹងធ្វើឱ្យក្មេងៗនាំគ្នាទៅប្រើកម្មវិធីបិទបាំងអត្តសញ្ញាណ ឬVPN ជំនួសវិញ ដើម្បីអាចលួចប្រើប្រាស់បានដដែល ។
តាមច្បាប់នេះ ស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង (ARCOM) នឹងត្រូវទទួលបន្ទុកត្រួតពិនិត្យលើប្រព័ន្ធផ្ទៀងផ្ទាត់អាយុ ប៉ុន្តែបច្ចេកទេសនៃការត្រួតពិនិត្យនេះនៅមិនទាន់បានសម្រេចជាផ្លូវការនៅឡើយទេ។ បន្ទាប់ពីនេះ សេចក្តីព្រាងច្បាប់នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីបោះឆ្នោតនៅពាក់កណ្ដាលខែកុម្ភៈ។ ប្រសិនបើអនុម័ត ការហាមឃាត់នេះ នឹងចាប់ផ្ដើមអនុវត្តចំពោះគណនីថ្មីៗ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ហើយបណ្ដាញសង្គមមានពេលរហូតដល់ដំណាច់ឆ្នាំ ២០២៦ ដើម្បីលុបគណនីក្មេងៗដែលមានស្រាប់ចេញ ។
វិធានការនេះ ធ្វើឡើងបន្ទាប់ពីប្រទេសអូស្ត្រាលី បានចេញច្បាប់ស្រដៀងគ្នានេះកាលពីខែធ្នូ ដោយហាមឃាត់ក្មេងអាយុក្រោម ១៦ ឆ្នាំពីការប្រើប្រាស់បណ្ដាញសង្គម ខណៈដែលចក្រភពអង់គ្លេស ក៏កំពុងពិចារណាធ្វើបែបនេះដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Dado Ruvic, Hollie Adams/ Illustration via REUTERS/ Getty Images