ចាប់ខ្លួននារីម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ២១ម៉ឺនដុល្លារ
ភ្នំពេញ៖ នារីម្នាក់មានឈ្មោះ ម៉ុក សារីដា អាយុ៤១ឆ្នាំ មានអាសយដ្ឋាននៅផ្សាដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអតីតបុគ្គលិកធនាគារឯកជនមួយ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ ធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។
ការឃាត់ខ្លួនជនសង្ស័យនេះ ដោយកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងដីកាបញ្ជាឲ្យចូលខ្លួននោះតម្រូវឲ្យឈ្មោះ ម៉ក់ សារីដា ភេទស្រី អាយុ៤១ ឆ្នាំ ចូលទៅបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យបានមុនថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ(មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន) ខណៈពេលនេះជនសង្ស័យកំពុងស្ថិតនៅដំណាក់កាលអយ្យការបើកការស៊ើបសួរ។
យោងតាមប្រភព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យរងនូវពាក្យបណ្តឹងឆបោកជាច្រើនករណី ដែលពេលនេះជនរងគ្រោះ បាននិងកំពុងរៀបចំសំណុំរឿងដាក់ជូនស្ថាប័នច្បាប់ជាបន្តបន្ទាប់។ នៅក្នុងដំណាក់ស្ថាប័នអយ្យការកំពុងបើកការស៊ើបសួរនេះ គេបានសង្កេតឃើញមានអ្នករត់ការឆ្វេកឆ្វាវមិនចង់ឲ្យមានការឃុំខ្លួនលើជនសង្ស័យ ដើម្បីចង់ទុកពេលឲ្យភាគីទាំងពីរ (ចុងចោទ និងដើមបណ្តឹង) រកដំដោះស្រាយឡើងវិញ ប្រសើជាងជាប់ពន្ធនាគារ។ តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងអនុចត្តតាមនីតិវិធីច្បាប់៕