ព័ត៌មានជាតិ

ប្រតិភូការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅអូស្ត្រាលី មកធ្វើទស្សនកិច្ចនៅការិយាល័យសមាគមសិល្បករខ្មែរ ក្នុងការនាំយកសិល្បៈវប្បធម៌កម្ពុជា ទៅសម្តែងនិងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ

image


ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ប្រតិភូការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានមកធ្វើទស្សនកិច្ចនៅការិយាល័យសមាគមសិល្បករខ្មែរ និងបានប្រជុំពិភាក្សាការងារមួយចំនួន ពិសេសជុំវិញកិច្ចសហការរួមគ្នានៅក្នុងការនាំយកសិល្បៈវប្បធម៌កម្ពុជា ទៅសម្តែងនិងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។
ប្រតិភូការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន ដែលដឹកនាំដោយលោក តាំង សិទ្ធី ប្រធានតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន និងមានវត្តមានលោក Bruce Blackwell ម្ចាស់រោងចក្រផលិតស្រា Bruce & George Wines, លោក Jeremey Crawford ប្រធានសភាពាណិជ្ជកម្ម Geelong, លោក ទី ប៊ុនហេង អនុប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន និងលោក ហេង ធី ប្រធានគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ ខេ.អូ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី ឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធាន និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមសិល្បករខ្មែរ តំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ, លោក មុន រ៉ាម៉ាឌី អគ្គលេខា, លោក ហេង ថន អគ្គហេរញ្ញឹក, លោក សេត គឹមសឿន អគ្គលេខារង និងតារាសម្តែងលោក ខាត់ វ៉ៃហាំង។
លោក សេត គឹមសឿន អគ្គលេខារង និងជាអ្នកនាំពាក្យនៃសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កា ខណៈដែលភាគីទាំងបានចំណាយពេលស្វែងយល់ពីគ្នា និងបានពិភាក្សាលើការងារសំខាន់ៗមួយចំនួន ពិសេសក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការបើកច្រកនាំយកសិល្បៈវប្បធម៌ដ៏ល្អផូរផង់កម្ពុជា ទៅបង្ហាញ និងសម្តែងនៅលើឆាកអន្តរជាតិ នៅក្នុងប្រទេសអូស្ត្រាលី ក្នុងន័យរួមគ្នាធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយសិល្បៈវប្បធម៌កម្ពុជា និងជំរុញវិស័យទេសចរណ៍ផងដែរ។
តាមរយៈកិច្ចពិភាក្សានេះ ប្រតិភូការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន ក៏បានលើកឡើងកោតសរសើរពីកិច្ចខិតខំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ចំពោះសមិទ្ធផល និងសកម្មភាពសិល្បៈជាច្រើនដែលបានកើតឡើងនៅក្នុងអាណត្តិទី៦នេះ ពិសេសបានរួមចំណែកក្នុងការបង្កើតភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។ ជាក់ស្តែងដូចជា ព្រឹត្តិការណ៍ Rise for Khmer ដែលបានរៀបចំឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នាពេលកន្លងមកថ្មីៗនេះ ពិតជាមានភាពល្បីល្បាញ មិនត្រឹមតែអឺរ៉ុប អាមេរិក ទេ ប៉ុន្តែនៅអូស្ត្រាលីក៏ល្បីល្បាញខ្លាំងណាស់ដែរ។
លោក តាំង សិទ្ធី បានបញ្ជាក់ថា ពួកលោកពិតជាចង់សហការបង្កើតឱ្យមានព្រឹត្តិការណ៍បែបនេះ នៅប្រទេសអូស្ត្រាលីដែរ។ ជាលទ្ធផលភាគីទាំងពីរបានបញ្ជាក់ពីជំហរនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែល្អិតល្មួតបន្ថែមទៀត ពិសេសលើការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ខ្មែរនៅលើទឹកដីប្រទេសអូស្ត្រាលី៕
អត្ថបទ៖ចេង ឆហួត រូបភាព៖ ង៉ាន់ សំណាង