ព័ត៌មានជាតិ

អាជ្ញាធរចម្រុះខេត្តមណ្ឌលគីរី ចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ក្នុងក្រុងសែនមនោរម្យ ដកហូតឈើប្រណីត និងរថយន្តមួយគ្រឿង

image

មណ្ឌលគីរី៖ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីព្រៃឈើ កម្លាំងចម្រុះខេត្តមណ្ឌលគីរី បានចុះបង្ក្រាបទីតាំងសន្និធិផល-អនុផលព្រៃឈើដោយគ្មានការអនុញ្ញាតមួយកន្លែង នាពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ ប្រតិបត្តិការនេះបានកំណត់មុខសញ្ញាច្បាស់លាស់លើផ្ទះរបស់ជនសង្ស័យឈ្មោះ ប្រាក់ គា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាអ្នកបើកបរ។

យោងតាមរបាយការណ៍បានឱ្យដឹងថា នៅពេលសមត្ថកិច្ចចុះទៅដល់ចំណុចនិយាមកា (៧៣៧៥១០-១៣៧៨៩៩៤)។ ជនសង្ស័យឈ្មោះ ប្រាក់ គា បានបើករថយន្តម៉ាក LEXUS LX470 ពណ៌ខ្មៅ គេចខ្លួនចេញពីលំនៅឋានភ្លាមៗ។ ទោះជាយ៉ាងណា ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគីរី និងមានការចូលរួមសហការពីឈ្មោះ សែន សារ៉ាយ ដែលត្រូវជាឪពុកក្មេកម្ចាស់ផ្ទះ ក្នុងនាមជាសាក្សី សមត្ថកិច្ចបានឈានទៅធ្វើការឆែកឆេរក្នុងបរិវេណផ្ទះទាំងមូល។

ក្រោយការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារចម្រុះដែលដឹកនាំដោយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី រួមនឹងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បានរកឃើញ និងដកហូតវត្ថុតាង រួមមាន ឈើអារប្រភេទលេខ១ និងលេខ២ (សុក្រម និងខ្វាវ)៖ សរុបចំនួន ៥៥ ដុំ/សន្លឹក (ពុំទាន់វាស់វែង)។ មធ្យោបាយដឹកជញ្ជូន​ មានរថយន្តចំនួន ១គ្រឿង ម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE-9673 ដែលប្រើប្រាស់សម្រាប់សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់។

អាជ្ញាធរបានសង្កត់ធ្ងន់ថា សកម្មភាពប្រមូលផល និងសន្និធិផល-អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ស្តីពីព្រៃឈើ។ បច្ចុប្បន្នវត្ថុតាងឈើ និងរថយន្តត្រូវបានបញ្ជូនទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តនីតិវិធីតាមច្បាប់ជាធរមាន។

ប្រតិបត្តិការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ក្នុងការលុបបំបាត់រាល់សកម្មភាពមេខ្លោងឈើ ដែលចាក់ឫសយ៉ាងជ្រៅក្នុងខេត្តមួយនេះ ដោយមិនមានការយោគយល់ឡើយ។ ទន្ទឹមនេះ មហាជនបានសម្តែងការគាំទ្រចំពោះចំណាត់ការក្តៅនេះ និងរង់ចាំមើលការអនុវត្តច្បាប់ចំពោះបុគ្គលឈ្មោះ ប្រាក់ គា ដែលបានរត់គេចខ្លួនពីកន្លែងកើតហេតុ៕

ដោយ៖ ប៊ុត សុភ័ក្រ