សហរដ្ឋអាម៉េរិក សម្រេចដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក (WHO)
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក បានសម្រេចចិត្តចាកចេញពីអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ជាផ្លូវការហើយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ ២០២៦ ក្រោយពីមានការព្រមានជាច្រើនថា ការចាកចេញមួយនេះនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈទាំងនៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោក។ ទោះជាបែបណាក្ដី អាម៉េរិកបញ្ជាក់ថា ការសម្រេចចិត្តនេះ ក៏ដោយសារតែភាពបរាជ័យរបស់ WHO ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ មិនធ្វើកំណែទម្រង់ និងមានឥទ្ធិពលនយោបាយពីប្រទេសខ្លះ ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យដកខ្លួន តាំងពីថ្ងៃដំបូងដែលលោកឡើងកាន់តំណែងក្នុងឆ្នាំ ២០២៥ មកម៉្លេះ។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល និងក្រសួងការបរទេសអាម៉េរិក ឱ្យដឹងថា អាម៉េរិកនឹងលែងចូលរួមជាអ្នកសង្កេតការណ៍ ហើយក៏គ្មានគម្រោងត្រឡប់មកវិញដែរ។ អាម៉េរិកនឹងជ្រើសរើសការធ្វើការដោយផ្ទាល់ជាមួយប្រទេសដទៃជំនួសវិញ ចំពោះកិច្ចការតាមដានជំងឺ និងការងារសុខភាពសាធារណៈផ្សេងៗ ។
ពាក់ព័ន្ធនឹងជម្លោះរឿងបំណុលដែលអាម៉េរិកជំពាក់ WHO ប្រហែល ២៦០ លានដុល្លារឯណោះវិញ នៅក្រោមច្បាប់របស់សហរដ្ឋអាម៉េរិក បានតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនជូនដំណឹងមុនរយៈពេល១ឆ្នាំ និងសងបំណុលនៅមុនចាកចេញពី WHO ប៉ុន្តែក្រសួងការបរទេសអាម៉េរិក ជំទាស់ថា អាម៉េរិកមិនចាំបាច់បង់លុយនេះមុនពេលចាកចេញឡើយ ដោយនិយាយថា «ប្រជាជនអាម៉េរិកបានបង់លុយច្រើនគ្រប់គ្រាន់ហើយ» ស្របពេលលោក ត្រាំ ក៏បានប្រើឥទ្ធិពលដើម្បីផ្អាកការផ្ដល់ជំនួយទាំងអស់ទៅឱ្យ WHO ផងដែរ ។
ការចាកចេញរបស់សហរដ្ឋអាម៉េរិក បានធ្វើឱ្យ WHO ជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ព្រោះកន្លងមកអាម៉េរិកគឺជាអ្នកផ្ដល់ជំនួយធំបំផុត (ប្រហែល ១៨% នៃថវិកាសរុប)។ វិបត្តិនេះ បង្ខំឱ្យ WHO ត្រូវកាត់បន្ថយថ្នាក់ដឹកនាំពាក់កណ្តាល កាត់បន្ថយគម្រោងការងារ និងគ្រោងកាត់បន្ថយបុគ្គលិកជិត ១ ភាគ ៤ នៅពាក់កណ្តាលឆ្នាំនេះ។ ដោយឡែក អ្នកជំនាញសុខាភិបាលដទៃទៀត ក៏បានព្រមានដែរថា ការចាកចេញរបស់អាម៉េរិក នឹងអាចធ្វើឱ្យប្រព័ន្ធការពារ និងឆ្លើយតបនឹងជំងឺរាតត្បាតនៅទូទាំងពិភពលោកត្រូវទន់ខ្សោយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ AAP/ afro.who.int/ Bebe Joel/Action Against Hunger