មេដឹកនាំប៉ាឡេស្ទីន បំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយលោក ពុទីន ដើម្បីពិភាក្សារឿងសេដ្ឋកិច្ច និងស្ថានភាពនៅតំបន់ហ្គាហ្សា
រុស្ស៊ី៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ (Mahmoud Abbas) បានធ្វើដំណើរទៅដល់រដ្ឋធានីមូស្គូ កាលពីថ្ងៃពុធ ដើម្បីត្រៀមខ្លួនជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន (Vladimir Putin) ។
តាមរយៈវីដេអូដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មានវ៉ាយអូរី (VIORY) បានបង្ហាញពីសកម្មភាពរបស់លោក អាបាស់ ចុះពីលើយន្តហោះ និងឡើងជិះក្នុងក្បួនរថយន្តដែលរង់ចាំទទួលរូបលោក។ សមាជិកម្នាក់នៃក្រុមប្រតិភូដែលមកទទួលស្វាគមន៍មេដឹកនាំប៉ាឡេស្ទីន បាននិយាយទៅកាន់លោកថា «ខ្ញុំជឿជាក់ថា ការពិភាក្សារបស់លោក នឹងទទួលបានជោគជ័យ អំឡុងដំណើរទស្សនកិច្ចដ៏រីករាយនៅក្នុងទីក្រុងមូស្គូ» ។
រដ្ឋាភិបាលរុស្ស៊ី បានប្រកាសថា ជំនួបរវាងមេដឹកនាំទាំងពីរ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី ២២ ខែមករានេះ។ ភាគីទាំងពីរនឹងជជែកគ្នាអំពីបញ្ហាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងមនុស្សធម៌ រវាងរុស្ស៊ី និងប៉ាឡេស្ទីន ព្រមទាំងពិភាក្សាអំពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសគឺរឿងនៅតំបន់ហ្គាហ្សា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ APA/ Yury Kochetkov/Pool Photo via AP/ VIORY