ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បន្តប្រើគ្រឿងចក្រវាយកម្ទេចផ្ទះសម្បែងពលរដ្ឋប៉ាឡេស្ទីនក្នុងទីក្រុង Ramallah តំបន់ West Bank

image


វែសប៊ែង, ប៉ាឡេស្ទីន៖ កងកម្លាំងអ៊ីស្រាអ៊ែល កាលពីថ្ងៃពុធ បានប្រើប្រាស់គ្រឿងចក្រឈូសឆាយកម្ទេចផ្ទះបងប្អូន ៣នាក់ ស្ថិតនៅក្នុងភូមិស៊ូកបា (Shuqba) ភាគខាងលិចទីក្រុងរ៉ាម៉ាឡាហ៍ (Ramallah) តំបន់វេសប៊ែង (West Bank) នៃដែនដីប៉ាឡេស្ទីន ទោះបីជាសំណុំរឿងផ្ទះនេះត្រូវឡើងតុលាការនៅ ៣ថ្ងៃទៀតក៏ដោយ ។
អ្នកភូមិ និងអាជ្ញាធរក្នុងតំបន់ខាងលើ បានចាត់ទុកទង្វើរបស់អ៊ីស្រាអ៊ែល ថាជាការព្យាយាមបណ្ដេញជនជាតិប៉ាឡេស្ទីនចេញពីដីធ្លីរបស់ពួកគេ ខណៈកាលពី ២ខែមុន ផ្ទះចំនួន ៦ខ្នងផ្សេងទៀត ក៏ត្រូវអ៊ីស្រាអ៊ែល វាយកម្ទេចចោលដូចគ្នាដែរ ។
ដោយឡែក ភាគីអ៊ីស្រាអ៊ែលឯណោះវិញ តែងតែធ្វើការអះអាងថា ផ្ទះទាំងនោះបានសាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាត ប៉ុន្តែប្រជាជនប៉ាឡេស្ទីននៅទីនោះ និយាយថា ការសុំច្បាប់ដើម្បីសាងសង់លើដីខ្លួនឯងគឺជារឿងដែលពិបាកបំផុត ។
យោងតាមទិន្នន័យរបស់អាជ្ញាធរប៉ាឡេស្ទីន ឱ្យដឹងថា កាលពីឆ្នាំមុន អ៊ីស្រាអ៊ែលបានវាយកម្ទេចសំណង់លំនៅដ្ឋានសរុបជាង ១,៤០០ កន្លែង ដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង ហាងលក់ដូរ និងកសិដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីនជាច្រើនគ្រួសារ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY