ភ្ញៀវទេសចរអង់គ្លេសវ័យ២១ឆ្នាំម្នាក់ ប្រទះឃើញស្លាប់ក្នុងសណ្ឋាគារនៅបាងកក ក្រោយបាត់ដំណឹងមួយសប្ដាហ៍
បាងកក, ថៃឡង់ដ៍៖ ភ្ញៀវទេសចរជនជាតិអង់គ្លេសមួយរូបឈ្មោះ ចូសួ ឃ័រស (Joshua Kershaw) វ័យ ២១ឆ្នាំ ត្រូវបានរកឃើញថាដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងទីក្រុងបាងកក បន្ទាប់ពីយុវជនរងគ្រោះ បាត់ដំណឹងជាងមួយសប្ដាហ៍ ដោយមិនមានការឆ្លើយតបទូរសព្ទពីម្ដាយរបស់គាត់ឡើយ ។
សាកសពរបស់គាត់ ត្រូវគេរកឃើញតាំងពីថ្ងៃទី១៤ ខែមករាមកម្លេះ ប៉ុន្តែដោយសារតែស្ថានទូតអង់គ្លេសមានការភាន់ច្រឡំថា គាត់ស្នាក់នៅប៉ាតាយ៉ា ជាទីកន្លែងដែលគាត់ធ្លាប់ទៅលេងកាលពីដើមខែធ្នូ ទើបធ្វើឱ្យគ្រួសារយឺតយ៉ាវក្នុងការទទួលបានដំណឹងនៃការស្លាប់នេះ ហើយរហូតមកដល់ថ្ងៃទី២០ ខែមករា ទើបសមត្ថកិច្ចរកឃើញថា គាត់បានស្លាប់នៅក្នុងទីក្រុងបាងកក បន្ទាប់ពីម្ដាយរបស់គាត់ទាក់ទងទៅសមត្ថកិច្ចនៅថ្ងៃទី១៧ ខែមករា ។
មូលហេតុពិតប្រាកដនៃការស្លាប់ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈគ្រួសារបញ្ជាក់ថា ពេលរកឃើញសាកសព គេប្រទះឃើញមានរុំបង់នៅដៃរបស់គាត់ ហើយបច្ចុប្បន្នសាកសពកំពុងរង់ចាំការធ្វើកោសល្យវិច័យពីអ្នកជំនាញ ។
ខណៈនេះ ក្រុមគ្រួសារជនរងគ្រោះកំពុងរៃអង្គាសថវិកា ដើម្បីត្រៀមយកសាកសពរបស់យុវជនរងគ្រោះរូបនេះ ត្រឡប់ទៅធ្វើបុណ្យនៅឯស្រុកកំណើតក្នុងចក្រភពអង់គ្លេស។ ម្ដាយរបស់យុវជនរងគ្រោះខាងលើ មានការតក់ស្លុត និងខូចចិត្តយ៉ាងខ្លាំងចំពោះដំណឹងដ៏អកុសលនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Daily Mail | រូបភាព៖ SWNS via METRO/ Jade Kershaw/ SWNS via Daily Mail