ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រាប់តំណាងអង្គការយូណេស្កូតែងតាំងថ្មីថា គ្មានប្រទេសណាមួយស្គាល់ច្បាស់ អំពីតម្លៃនៃសន្តិភាពជាងប្រទេសកម្ពុជានោះទេ

image

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បានទទួលជំនួបសម្តែងការគួរសមជាមួយ លោក Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់ឯកឧត្តម។

លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ លោក Flavio Bonetti ដែលត្រូវបានតែងតាំងជាតំណាងរបស់អង្គការយូណេស្កូ ប្រចាំនៅកម្ពុជា និងបានកត់សម្គាល់ថា វត្តមានរបស់លោក ឆ្លុះបញ្ចាំងពីតម្លៃដែលកម្ពុជាផ្តល់លើភាពជាដៃគូយូរអង្វែងជាមួយអង្គការយូណេស្កូ។លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណដល់អង្គការយូណេស្កូ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការបន្តគាំទ្រកម្ពុជា ជាពិសេស ក្នុងការជំរុញអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា លើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ នវានុវត្តន៍ បរិស្ថាន និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួយបច្ចេកទេសរបស់ អង្គការយូណេស្កូ ក្នុងការការពារប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងដែលបានទទួលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គ្មានប្រទេសណាមួយស្គាល់ច្បាស់អំពីតម្លៃនៃសន្តិភាពជាងប្រទេសកម្ពុជានោះទេ ដោយសារកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍អស់ជាច្រើនឆ្នាំ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ នាពេលខាងមុខ។

ដោយឡែក លោក Flavio Bonetti បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលត្រូវបានចាត់ ឱ្យមកបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់លោក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបន្តខិតខំប្រឹងប្រែងចូលរួមក្នុងកិច្ចអភិរក្សបេតិកភណ្ឌ និងវិស័យពាក់ព័ន្ធនានា ដូចជាវិស័យអប់រំ បរិស្ថាន វិទ្យាសាស្ត្រ នវានុវត្តន៍ ព្រមទាំងការលើកកម្ពស់ សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការត្រៀមលក្ខណៈសម្របសម្រួល និងផ្តល់កិច្ចសហប្រតិបត្តិការរបស់ កបទ.សអ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវជោគជ័យនៃ បេសកកម្មរបស់លោក Flavio Bonetti នៅកម្ពុជា៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម