រដ្ឋមន្រ្តីសុខាភិបាល ចាត់ទុកផ្នែកឯកជន ជាដៃគូដ៏សំខាន់ សម្រាប់ការចូលរួមចំណែកជាមួយផ្នែកសាធារណៈ ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារផ្នែកសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បានដឹកនាំកិច្ចប្រជុំការងារផ្នែកសុខាភិបាល ក្រុម «ឋ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិភាក្សាលើបញ្ហា និងដំណោះស្រាយទាំងឡាយ ពាក់ព័ន្ធវិស័យសុខាភិបាល សំណូមពរនានាពីផ្នែកឯកជន ចំពោះវិស័យសុខាភិបាល។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនថា វិស័យឯកជនជាដៃគូដ៏សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល។ សុខភាព ជាទ្រព្យសម្បត្តិមួយមិនអាចកាត់ថ្លៃបាន ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ ហើយដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុត។ ក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាសុខាភិបាល ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តសិទ្ធភាព និងសមធម៌ ដើម្បីជំរុញ និងបង្កើនទំនុកចិត្តពីប្រជាជន។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាល កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពសាធារណៈជាអាទិភាព៖ ១) គ្រប់គ្រងជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃ រួមមានជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ២) បន្តពង្រឹងគុណភាព នៃការបណ្តុះបណ្តាល ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងសុវត្ថិភាព ៣) បន្តពង្រឹងគុណភាពឱសថ ដោយបានធ្វើការត្រួតពិនិត្យ និងតាមដានឱសថ នៅលើទីផ្សារជាប់ជាប្រចាំ ៤) ពង្រឹងការផ្តល់សេវាកម្មឱ្យបានឆាប់ទាន់ពេល ត្រឹមត្រូវ ប្រកបដោយភាពរលូន។
ក្នុងនោះដែរ លោក តាន់ គឹមមេង តំណាងវិស័យឯកជន បានកោតសសើរដល់ក្រសួងសុខាភិបាល ដែលសម្រេចបានជាសមិទ្ធិផលយ៉ាងធំធេង ពិសេសរយៈពេលចុងក្រោយនេះ។ លោកពិនិត្យឃើញថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បានកំពុងបំពេញការងារជាទៀងទាត់យ៉ាងសកម្ម និងដោយម៉ឺងម៉ាត់ ច្បាស់លាស់ ជំរុញការងារអនុវត្តស្របតាមបទដ្ឋាននានា និងបានធ្វើការផ្តល់សេវាជូនវិស័យឯកជនបានកាន់តែល្អប្រសើរ។
សូមបញ្ជាក់ដែរថា នេះជាកិច្ចប្រជុំលើកទី៣ នៃកិច្ចប្រជុំពិភាក្សាក្រុមការងារផ្នែកសុខាភិបាល ក្រុម «ឋ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានដោះស្រាយនូវកង្វល់ និងសំណូមពររបស់វិស័យឯកជន ស្របតាមលក្ខខណ្ឌនានា ឬលិខិតបទដ្ឋានជាធរមាន និងការពន្លឿនការងារក្នុងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែឆាប់រហ័ស ដើម្បីរួមគ្នាកសាងប្រព័ន្ធសុខាភិបាលមួយរឹងមាំ សម្រាប់ប្រជាជន៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ