ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល

image


កំពង់ឆ្នាំង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យប្រចាំប្រទេសថៃ កម្ពុជា និងឡាវ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់យ៉ាងស្និទ្ធស្នាលជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល (SHINKI APPAREL (CAMBODIA) CO., LTD.) ក្នុងខេត្តកំពង់ឆ្នាំង។
ការចុះជួបសំណេះសំណាលប្រកបដោយភាព
ស្និទ្ធស្នាល និងបរិយាកាសដ៏រីករាយនាពេលនេះ បានធ្វើឱ្យបងប្អូនកម្មករនិយោជិតសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងដល់បងប្អូនកម្មករនិយោជិត។
ការអញ្ជើញចុះជួប និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការស្វែងយល់ពីស្ថានភាពការងារប្រចាំថ្ងៃ និងទុក្ខធុរៈរបស់បងប្អូនកម្មករនិយោជិតដោយផ្ទាល់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នរោងចក្រ ស៊ិនគី អឹភែរឹល មានកម្មករ
និយោជិតបំពេញការងារសរុបប្រមាណ ៦ ៨០០នាក់ ហើយក៏កំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមទៀតផងដែរ។ បងប្អូនកម្មករនៅទីនេះ ទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗជាច្រីនតាមគោលការណ៍របស់រាជរដ្ឋាភិបាល ជាមួយលក្ខខណ្ឌការងារ
ល្អប្រសើរ រួមមានអាហារដ្ឋានស្តង់ដា និងកន្លែងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយផាសុកភាព។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រដែលបានសម្របសម្រួលរៀបចំកម្មវិធីសំណេះសំណាលដ៏មានអត្ថន័យនេះ និងតែងតែចូលរួមគោរពច្បាប់ស្តីពីការងារ អនុវត្តនូវស្ដង់ដាការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕