ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានអត្រាកំណើន ៥% នៅឆ្នាំ២០២៦ ចំពេលមានបញ្ហាប្រឈមកើនឡើងទាំងកត្តាខាងក្រៅ និងកត្តាខាងក្នុង
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងអត្រាកំណើន ក្នុងរង្វង់ ៥% នៅឆ្នាំ២០២៦ ក្នុងបរិការណ៍នៃការកើនឡើងនូវបញ្ហាប្រឈម និងហានិភ័យពីកត្តាខាងក្រៅ និងកត្តាខាងក្នុង ដែលបាន និងកំពុងបង្កការគំរាមមកលើចីរភាព និងនិរន្តរភាព នៃការអភិវឌ្ឍកម្ពុជា។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងទស្សនវិស័យចុងក្រោយរបស់ខ្លួន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីហានិភ័យខាងក្រៅជាច្រើន ដែលអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ក្នុងនោះរួមមាន៖ កំណើនថមថយនៃសេដ្ឋកិច្ចសកល, ភាពតានតឹងនៃកត្តាភូមិសាស្ត្រនយោបាយ ដោយសារការអូសបន្លាយនៃសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមរវាងអីស្រាអែល និងក្រុមហាម៉ាសជាដើម, កម្មវិបាកនៃការបន្តកើនឡើងនៃចរន្តគាំពារនិយម ការបែកខ្ញែកភូមិសាស្ត្រ សេដ្ឋកិច្ចដែលបន្ទច់បង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងមានការហក់ឡើងវិញនៃថ្លៃទំនិញសកល, ការបន្តកើនឡើងសម្ពាធបំណុលសាធារណៈរបស់ពិភពលោក និងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។
បញ្ហាប្រឈមក្នុងស្រុកក៏នៅតែមានសារៈសំខាន់ផងដែរ។ បញ្ហាទាំងនេះ មានជាអាថ៌៖ ថ្លៃដើមធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់ធៀបនឹងប្រទេសផ្សេងក្នុងតំបន់, ភាពមានកម្រិតនៃកិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច, ភាពមានកម្រិតនៃកម្លាំងពលកម្មជំនាញ ទាំងបរិមាណ និងគុណភាព ដែលមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, ភាពមានកម្រិតនៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម; និងភាពមានកម្រិតនៃចំណេះដឹង និងជំនាញក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល។
ផ្អែកតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងយោងតាមការវាយតម្លៃឡើងវិញ សម្រាប់រយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៥, ស្ថានភាពសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥,២% សម្រាប់ឆ្នាំ ២០២៥ និង ៥% សម្រាប់ឆ្នាំ ២០២៦។ តាមលទ្ធផលនៃការព្យាករកំណើនេះ, ផ.ស.ស. ថ្លៃបច្ចុប្បន្ន ឆ្នាំ ២០២៦ ស្ថិតក្នុងរង្វង់ ៥៣,៧៩ពាន់លានដុល្លារអាម៉េរិក ក្នុងខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនដល់ ៣ ០២០ ដុល្លារអាម៉េរិក។
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រូវបានគេរំពឹងថា នឹងត្រូវបានរក្សាដោយអត្រាប្តូរប្រាក់រៀល គឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៤ ០៣៥ រៀល ក្នុងមួយដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៦។ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំ ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨% ក្នុងឆ្នាំ ២០២៦ ក្រោមការរំពឹងទុកថា ថ្លៃទំនិញអន្តរជាតិបន្តរក្សាបានស្ថិរភាព ជាពិសេសថ្លៃ ប្រេងឥន្ធនៈ ស្របពេលដែលការប្រើប្រាស់ក្នុងស្រុក និងសកម្មភាពចាយវាយនៅបន្តមាន និន្នាការវិជ្ជមាន។ ដោយឡែក ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងបន្តកើនឡើងដល់ ២៧,៩៨ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៦ និងធានាការនាំចូលបាន ៧,៩ខែ។
វិស័យឧស្សាហកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៧,២% ក្នុងឆ្នាំ ២០២៦ ដែលជាកំណើនថមថយ បើធៀបនឹងកំណើនឆ្នាំ ២០២៥ ដោយសារការថមថយចលនការនៃកំណើនវិស័យបម្រើការនាំចេញ ពោលគឺ អនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្រោមការរំពឹងទុក បច្ច័យនៃការអនុវត្តពន្ធគយបដិការ ដែលនឹងធ្វើឱ្យតម្រូវការសកលមាននិន្នាការថមថយ, ប៉ុន្តែជារួម នៅតែជាកំណើនល្អដោយសាររោងចក្រ-សហគ្រាស មានលទ្ធភាពបន្សំខ្លួនបានបន្តិចម្តងៗ ទៅនឹងរបត់គោលនយោបាយពាណិជ្ជកម្ម និងសមតាពាណិជ្ជកម្មថ្មីនេះ។
ទោះជាយ៉ាងនេះក្តី, អនុវិស័យសំណង់ ត្រូវបានព្យាករថា នឹងបន្តងើប ក៏ប៉ុន្តែក្នុងសភាពយឺត ហើយនៅមានកំណើនទាបជាងនិន្នាការមុន វិបត្តិជំងឺកូវីដ-១៩ ដែលបន្តទ្រទ្រង់ដោយសកម្មភាពសាងសង់លំនៅឋាន ឆ្លើយតបទៅនឹងតម្រូវការពិតក្នុងស្រុក គួបផ្សំនឹងការបន្តនិន្នាការកើនឡើងនៃសកម្មភាពសំណង់បម្រើឱ្យវិស័យឧស្សាហកម្មមួយចំនួនដូចជា រោងចក្រ និងឃ្លាំងជាដើម ដែលនឹងក្លាយជា និន្នាការថ្មីជួយគាំពារកំណើននៃអនុវិស័យនេះ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។
ចំពោះវិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងមានកំណើនទាបក្នុងរង្វង់ ៣,៧% ក្នុងឆ្នាំ ២០២៦ ដោយសារការរំពឹងទុកនៃការអូសបន្លាយផលប៉ះពាល់ពីការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ មកលើចលនការនៃអនុវិស័យចន្ទល់កំណើនសំខាន់ៗមួយចំនួន ដូចជា អនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ (ទេសចរណ៍) លក់ដុំ-រាយ និងហិរញ្ញវត្ថុ និងធានារ៉ាប់រង។ អនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ ត្រូវបានព្យាករថា នឹងងើបឡើងវិញសន្សឹមៗ ផ្អែកលើការរំពឹងទុក ការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិបន្ទាប់ពីទទួលរងផលប៉ះពាល់គួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ ២០២៥ ដោយសារការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ។
គួរបញ្ជាក់ថា បើទោះបីស្ថានភាពនៃវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ដែលពឹងផ្អែកលើទីផ្សារ និងកញ្ចប់ទេសចរណ៍ថៃ ត្រូវបានរំពឹងថា នឹងមិនអាចវិលត្រលប់ទៅរកប្រក្រតីភាព ក៏និន្នាការទេសចរណ៍ ទីផ្សារផ្សេងទៀត ដូចជា៖ ការដាក់ឱ្យដំណើរការនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងក្លាយជាច្រកទ្វារអន្តរជាតិថ្មីមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរផ្លូវឆ្ងាយ និងការបំផុសឱ្យមានដំណើរកម្សាន្តក្នុងរដូវកាលបៃតង (Green Season) របស់ក្រសួងទេសចរណ៍ ដើម្បីជំរុញដោយការកើនឡើង នៃនិន្នាការធ្វើដំណើរកម្សាន្តក្នុងស្រុក។
អនុវិស័យអចលនទ្រព្យ ដូចគ្នាទៅនឹងអនុវិស័យសំណង់ ក៏ងើបវិញយឺត ដែលបន្តគាំទ្រ ដោយចរន្តទិញ-លក់លំនៅឋានថ្លៃសមរម្យ សកម្មភាពទិញ-លក់/ជួលឃ្លាំង និងរោងចក្រ បម្រើឱ្យវិស័យឧស្សាហកម្ម។ អនុវិស័យលក់ដុំ-រាយ ត្រូវបានព្យាករថា នឹងមានកំណើន ថមថយក្នុងឆ្នាំ ២០២៦ ដោយសារការរំពឹងទុកការស្រកស្រុតនៃកម្លាំងទិញរបស់ប្រជាជន ជារួម ដែលមួយផ្នែក គឺជាកម្មវិបាកនៃការបិទខ្ទប់ព្រំដែនកម្ពុជា-ថៃ ដែលជំរុញឱ្យមានការវិលត្រលប់មកវិញយ៉ាងគំហុកនៃពលករកម្ពុជាពីប្រទេសថៃ និងផលប៉ះពាល់លើការងារ និងស្ថិរភាពចំណូល។
អនុវិស័យដឹកជញ្ជូន និងស្តុក ទោះបីមានកំណើនថមថយបន្តិចក្នុង ឆ្នាំ ២០២៦ ក៏កំណើនក្នុងរយៈពេលមធ្យមខាងមុខ នៅបន្តរក្សាបាននិន្នាការកើនឡើង ដោយសារការបន្តងើបវិញនៃអនុវិស័យគាំទ្រមួយចំនួន ដូចជា អនុវិស័យកាត់ដេរ និងមិនមែនកាត់ដេរ គួបផ្សំនឹងការបន្តកើនឡើងនៃការដឹកជញ្ជូនបញ្ញើរហ័សក្នុងស្រុក។ ជាមួយគ្នានេះ, ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទាំងផ្លូវអាកាស, ផ្លូវទឹក (កំពង់ផែ) និងផ្លូវគោក ក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងការគាំពារកំណើន នៃអនុវិស័យនេះ។ អនុវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង នៅបន្តធ្វើទំនើបកម្ម និងសាមញ្ញកម្ម នៃប្រព័ន្ធហិរញ្ញវត្ថុ ជាពិសេស ផលិតផល និងសេវាហិរញ្ញវត្ថុ។
ដោយឡែកវិស័យកសិកម្ម ត្រូវបានព្យាករថា កើនឡើង ០,៩% ក្នុងឆ្នាំ ២០២៦ ដែលបន្តគាំទ្រដោយអនុវិស័យនេសាទ និងចិញ្ចឹមសត្វ ក្នុងខណៈដែលអនុ- វិស័យដំណាំអាចនឹងមានកំណើនយឺតជាងការរំពឹងទុកបន្តិច ដោយសារបច្ច័យនៃការធ្លាក់ចុះកសិផលមកលើស្ថានភាពផលិតកម្មក្នុងឆ្នាំ ២០២៦។ អនុវិស័យ ដំណាំ ត្រូវបានរំពឹងថា អាចមានកំណើនថមថយបន្តិច ដោយសារកម្មវិបាកនៃការធ្លាក់ចុះថ្លៃកសិផលក្នុងឆ្នាំ ២០២៥ មកលើកម្លាំងផលិតកម្ម ក្នុងឆ្នាំ ២០២៦ ជាពិសេសលើមុខ ទំនិញសំខាន់ៗ ដូចជា ស្រូវ ពោត និងដំឡូងមី ជាដើម។
ទោះជាយ៉ាងនេះក្តី វិស័យនេះ ក៏នៅតែរក្សាបានកំណើនវិជ្ជមាន ដែលបន្តគាំទ្រដោយការបន្តលើកកម្ពស់ការវិនិយោគទាំងក្នុងស្រុក និងពីបរទេសលើការកែច្នៃផលិតផលកសិកម្ម។ ទន្ទឹមនេះ, អនុវិស័យចិញ្ចឹមសត្វ រំពឹងថា នឹងបន្តងើបវិញបណ្តើរៗ ដោយសារបច្ច័យនៃវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល៕