ព័ត៌មានអន្តរជាតិ

មហាសន្និបាតបក្សលើកទី ១៤ របស់វៀតណាម ផ្ដោតលើកំណែទម្រង់សេដ្ឋកិច្ច និងអភិបាលកិច្ចជាអាទិភាព

image


វៀតណាម៖ នៅក្នុងសុន្ទរកថាបើកមហាសន្និបាតជាតិលើកទី ១៤ នៃបក្សកុម្មុយនីស្តវៀតណាម អគ្គលេខាធិការបក្ស លោក តូ ឡាំ (To Lam) បានផ្ដល់អាទិភាពខ្ពស់បំផុតទៅលើការសម្រេចឱ្យបាននូវ «គោលដៅយុទ្ធសាស្ត្ររយៈពេលវែង» (Two Centenary Goals) ដើម្បីផ្លាស់ប្តូរមុខមាត់សេដ្ឋកិច្ចជាតិ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសជាតិត្រូវការជាចាំបាច់នូវការផ្លាស់ប្តូររបៀបគិតថ្មី កសាងស្ថាប័នឱ្យកាន់តែរឹងមាំ និងបង្កើនសមត្ថភាពអភិបាលកិច្ចជាតិឱ្យកាន់តែមានប្រសិទ្ធភាព ។

ផ្អែកតាមឯកសារមហាសន្និបាត វៀតណាមនឹងជំរុញឱ្យមានការធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ហើយដើម្បីសម្រេចបានលទ្ធផលដ៏អស្ចារ្យ វិស័យសេដ្ឋកិច្ចត្រូវតែមាននិរន្តរភាព សកម្មភាពត្រូវតែដើរតាមពាក្យសម្ដី ហើយលទ្ធផលការងារត្រូវតែឆ្លើយតបទៅនឹងបំណងរបស់ប្រជាជន។ លោកបានអំពាវនាវឱ្យមានការវាយតម្លៃស្ថានភាពជាក់ស្តែងដោយត្រង់ទៅត្រង់មក ដើម្បីដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចដ៏មុតស្រួចសម្រាប់អាណត្តិក្រោយ ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានចាប់ផ្តើមនៅរដ្ឋធានីហាណូយ កាលពីថ្ងៃអង្គារ ដោយមានការចូលរួមពីតំណាងបក្សកុម្មុយនីស្តវៀតណាម និងកងកម្លាំងប្រដាប់អាវុធ។ លោក តូ ឡាំ បានលើកឡើងថា មហាសន្និបាតនេះគឺជា «ទម្រសម្រាប់បាញ់បង្ហោះ» នូវសេចក្ដីសម្រេចចិត្តជាប្រវត្តិសាស្ត្រ ដែលនឹងដឹកនាំវៀតណាមឱ្យក្លាយជាប្រទេសដែលមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងមានសេដ្ឋកិច្ចរុងរឿង ។

ជាចុងក្រោយ លោកបានជំរុញឱ្យសមាជិកបក្សទាំងអស់បង្កើនការច្នៃប្រឌិត និងវិន័យ ខណៈដែលត្រូវរក្សាការបន្ទាបខ្លួនក្នុងការរៀនសូត្រ និងហ៊ានកែតម្រូវចំណុចខ្វះខាតរបស់ខ្លួន ដើម្បីធានាថាប្រទេសជាតិនៅតែបន្តដើរលើផ្លូវសង្គមនិយមប្រកបដោយមោទនភាព និងសុភមង្គល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ VNA/VNS Photos/ Viet Nam News