ព័ត៌មានអន្តរជាតិ

អ្នកស្រុកកោះហ្គ្រីនលែន៖ ណាតូគួរដោះស្រាយបញ្ហាជាមួយសម្ព័ន្ធមិត្តជិតបង្កើយ ជាជាងបារម្ភពីមហាអំណាចដែលនៅឆ្ងាយ

image


ហ្គ្រីនលែន, ដាណឺម៉ាក៖ រាយការណ៍ផ្ទាល់ចេញពីទីក្រុងនុក (Nuuk) នៃដែនកោះហ្គ្រីនលែន (Greenland) អ្នកយកព័ត៌មានរបស់សារព័ត៌មាន RT លោកស្រី ឆាឡុត ឌូប៊ែនស្គី (Charlotte Dubenskij) បានឱ្យដឹងថា ប្រទេសនៅអឺរ៉ុបកំពុងព្រួយបារម្ភ និងព្យាយាមរកវិធីសាស្ត្រទប់ទល់នឹងមេដឹកនាំអាម៉េរិក ជុំវិញការដាក់សម្ពាធពន្ធគយរបស់លោកត្រាំលើប្រទេសសមាជិកអង្គការណាតូ ពាក់ព័ន្ធនឹងរឿងកោះហ្គ្រីនលែន ។

ដើម្បីកាត់បន្ថយសម្ពាធពីអាម៉េរិក មតិមួយចំនួននៅអឺរ៉ុប បានលើកឡើងថា អាម៉េរិកមិនមែនជាបញ្ហានោះទេ តែការគំរាមកំហែងពិតប្រាកដគឺរុស្ស៊ី និងចិន ដែលកំពុងបង្កើនឥទ្ធិពលនៅតំបន់ប៉ូលខាងជើង។ ទោះជាបែបណាក្ដី មន្ត្រីការពារជាតិរបស់ដាណឺម៉ាក លោក រ៉ាមូស ចាឡូវ (Rasmus Jarlov) បានលើកឡើងផ្ទុយពីនេះ ដោយនិយាយចំៗថា ការយល់សុបិន្តថាចិន និងរុស្ស៊ីចង់វាយលុកហ្គ្រីនលែន គឺជារឿង «វង្វេងវង្វាន់» ហើយលោកបញ្ជាក់ថា «អាម៉េរិកនោះទេ ដែលជាអ្នកគំរាមកំហែងពិតប្រាកដ» ។

ក្នុងពេលដំណាលគ្នា តាមរយៈបទសម្ភាសន៍ជាមួយអ្នកស្រុកនៅលើកោះហ្គ្រីនលែន ប្រជាជននៅទីនោះ បានបង្ហាញការភ័យខ្លាចតិចតួចណាស់ចំពោះការឈ្លានពាន ឬគ្រោះថ្នាក់យោធាពីចម្ងាយ ។

មនុស្សជាច្រើននិយាយថា ពួកគេមានអារម្មណ៍សុវត្ថិភាព និងសន្តិភាព ហើយរស់នៅឆ្ងាយពីការដណ្តើមអំណាចរបស់ពិភពលោក ហើយពួកគេក៏មិនដែលឃើញមានការគំរាមកំហែងណាមួយពីរុស្ស៊ី ឬចិន ទៅលើជីវភាពប្រចាំថ្ងៃរបស់ពួកគេដែរ ។

អ្នកខ្លះថែមទាំងបានចោទសួរជាចំហថា ហេតុអ្វីបានជាមេដឹកនាំអឺរ៉ុបបែរជាទៅផ្ដោតលើមហាអំណាចដែលនៅឆ្ងាយ ជំនួសឱ្យការដោះស្រាយសម្ពាធដែលមកពីសម្ព័ន្ធមិត្តជិតបង្កើយបំផុតរបស់ខ្លួនទៅវិញ។ ពលរដ្ឋក្នុងចំណោមនោះ និយាយថា ពួកគាត់បែរជាមានអារម្មណ៍ថា ត្រូវការពារខ្លួនពីក្រុមបក្សសម្ព័ន្ធរបស់អង្គការណាតូ (NATO) ទៅវិញ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ RT