ព័ត៌មានអន្តរជាតិ

កសិករអឺរ៉ុបជាច្រើននាក់ តវ៉ាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងប្លុកអាម៉េរិកឡាទីន ដែលប៉ះពាល់កសិករក្នុងស្រុក

image


បារាំង៖ កាលពីថ្ងៃអង្គារកន្លងទៅ មន្ត្រីនគរបាលកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមកសិករ នៅខាងមុខសភាអឺរ៉ុបក្នុងទីក្រុងស្ត្រាស្ប៊ើក (Strasbourg) ប្រទេសបារាំង បន្ទាប់ពីក្រុមកសិករបានមកជួបជុំគ្នា ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងប្លុកអាម៉េរិកឡាទីន (Eu-Mercosur) ដែលទើបតែបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ ។

តាមរយៈខ្សែវីដេអូ បានបង្ហាញពីសកម្មភាពក្រុមអ្នកតវ៉ាគប់វត្ថុផ្សេងៗទៅលើមន្ត្រីដែលកំពុងយាមកាមការពារបរិវេណសភា ហើយមន្ត្រីក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកតបវិញ ដើម្បីបំបែកក្រុមបាតុករដែលព្យាយាមរុញច្រានបន្ទាត់ការពារ ។
ក្រុមអ្នកតវ៉ា បានស្រែកបន្ទរនូវសារផ្សេងៗ រួមទាំងពាក្យថា «លោកស្រីអ៊ើសូឡា វ៉ុនឌើឡេយ៉េន (Ursula von der Leyen) (ប្រធានគណៈកម្មការអឺរ៉ុប) ចេញទៅវិញទៅ»។ តាមរបាយការណ៍ ឱ្យដឹងថា មានត្រាក់ទ័ររហូតដល់ ១,០០០ គ្រឿងត្រូវបានប្រើប្រាស់ ដើម្បីបិទផ្លូវក្បែរនោះ ។

អ្នកចូលរួមមួយរូប លើកឡើងថា កសិករអឺរ៉ុបកំពុងរងសម្ពាធអយុត្តិធម៌ពីច្បាប់ទម្លាប់តឹងរ៉ឹងពេក ខណៈពួកគេត្រូវប្រកួតប្រជែងជាមួយទំនិញនាំចូលដែលមានតម្លៃថោក និងមិនសូវមានបទដ្ឋានសុវត្ថិភាពខ្ពស់ដូចទំនិញក្នុងស្រុក ។
ចំណែកឯប្រធានសហជីពកសិកម្មបារាំង FNSEA លោក អាណូដ រូសូ (Arnaud Rousseau) រៀបរាប់ថា កសិករមិនអាចទទួលយកកិច្ចព្រមព្រៀងនេះបានទេ ព្រោះអឺរ៉ុបមិនគួរតឹងរ៉ឹងជាមួយកសិករខ្លួនឯង តែបែរជាធូររលុងជាមួយអ្នកខាងក្រៅនោះឡើយ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងបង្កើតឱ្យមានតំបន់ពាណិជ្ជកម្មដ៏ធំបំផុតមួយក្នុងពិភពលោក ដែលគ្របដណ្ដប់លើមនុស្សជាង ៧៨០ លាននាក់។ ទោះបីជាមានការជំទាស់ពីប្រទេសបារាំង ប៉ូឡូញ ហុងគ្រី និងអៀរឡង់ក៏ដោយ ក៏កិច្ចព្រមព្រៀងនេះនៅតែត្រូវបានចុះហត្ថលេខា ហើយកំពុងរង់ចាំការអនុម័តចុងក្រោយពីសភាអឺរ៉ុបនៅថ្ងៃពុធនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY