លោក ណេតាន់យ៉ាហ៊ូ ព្រមានវាយបកធ្ងន់ធ្ងរលើអ៊ីរ៉ង់ និងបដិសេធមិនឱ្យមានទ័ពបរទេសចូលក្នុងតំបន់ហ្គាហ្សា
អ៊ីស្រាអ៊ែល៖ ថ្លែងទៅកាន់សភាអ៊ីស្រាអ៊ែល កាលពីដើមសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្ដេជ្ញាឆ្លើយតបចំពោះការវាយប្រហារណាមួយពីសំណាក់ប្រទេសអ៊ីរ៉ង់ ដោយប្រើកម្លាំងបាយតបតដ៏ខ្លាំងក្លាបំផុតដែលអ៊ីរ៉ង់មិនធ្លាប់បានជួបប្រទះពីមុនមក»។ លោកបញ្ជាក់ថា បើអ៊ីរ៉ង់ហ៊ានវាយប្រហារអ៊ីស្រាអ៊ែល នោះអ្វីៗនឹងត្រូវផ្លាស់ប្តូរ ហើយគ្មានអ្នកណាអាចទាយទុកជាមុនបានឡើយ ។
ចាប់តាំងពីចុងខែធ្នូមក ប្រទេសអ៊ីរ៉ង់ ប្រឈមបាតុកម្មនៅទូទាំងប្រទេសដែលផ្ដើមចេញពីបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ និងតម្លៃលុយអ៊ីរ៉ង់ធ្លាក់ថ្លៃខ្លាំងធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ ជុំវិញភាពចលាចលនេះ មន្ត្រីអ៊ីរ៉ង់បានចោទប្រកាន់ថា «កម្លាំងសត្រូវ» កំពុងនៅពីក្រោយការបណ្តុះបណ្តាលដល់ក្រុមបង្កចលាចល ។
ទាក់ទងនឹងបញ្ហានៅតំបន់ហ្គាហ្សាឯណោះវិញ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងពីដំណាក់កាលទី២ នៃផែនការសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ លោកបានសង្កត់ធ្ងន់ថា គោលដៅសំខាន់គឺ «ការរំសាយអាវុធក្រុមហាម៉ាស់ និងការផ្លាស់ប្តូរស្ថានភាពនៅទីនោះ»។ លោកក៏បានប្រកាសយ៉ាងដាច់អហង្ការថា នឹងមិនអនុញ្ញាតឱ្យមានវត្តមានទាហានតួកគីយ៉េ ឬកាតា នៅក្នុងតំបន់ហ្គាហ្សាឡើយ ។
គួរំឭកថា ផែនការសន្តិភាពដំណាក់កាលទី២ ដែលប្រកាសដោយបេសកជនពិសេសរបស់ប្រធានាធិបតីអាម៉េរិក រួមមានការរំសាយអាវុធក្រុមហាម៉ាស់ ការបង្កើតរដ្ឋបាលបច្ចេកទេសថ្មី និងការចាប់ផ្ដើមការកសាងឡើងវិញ។ បច្ចុប្បន្ន អ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមានតាំងពីថ្ងៃទី១០ ខែតុលា មកម្ល៉េះ ក្រោមផែនការសន្តិភាព ២០ចំណុចរបស់លោកត្រាំ ដែលតម្រូវឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នា ដោះលែងចំណាប់ខ្មាំងទាំងអស់ និងបញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Jack Guez/Pool/Getty Images/File on CNN/ Representative image on Financial Express/ Stock Adobe