មន្ត្រីអ៊ីរ៉ង់ និយាយថា អ៊ីរ៉ង់នឹងបំផ្លាញសន្តិសុខរបស់សត្រូវវិញទោះនៅទីណាក៏ដោយ បើពួកគេបំផ្លាញសន្តិសុខអ៊ីរ៉ង់
អ៊ីរ៉ង់៖ ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ លោក អ៊ែប្រាហ៊ីម អាហ្ស៊ីហ្ស៊ី (Ebrahim Azizi) កាលពីដើមសប្ដាហ៍នេះ បានបង្ហើបថា មនុស្សជាង ៣,៧០០នាក់ទទួលរងរបួស ហើយទ្រព្យសម្បត្តិសាធារណៈជាច្រើនត្រូវបំផ្លិចបំផ្លាញ ក្នុងអំឡុងភាពចលាចលនៅទូទាំងប្រទេស។ លោកបានព្រមានថា ចំនួនអ្នករងរបួសអាចនឹងបន្តកើនឡើងលើសនេះទៀត ព្រោះមានអ្នកខ្លះមិនបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
តាមរបាយការណ៍បឋម ឱ្យដឹងថា យានយន្តជាង ២,២០០គ្រឿង សាលារៀន ២៥០កន្លែង សាលាសាសនាជាង ៩០កន្លែង និងវិហារអ៊ីស្លាម ៣០០កន្លែងរងការខូចខាត។ ក្រៅពីនេះ សមាជិកកងកម្លាំងនគរបាលចំនួន ៣,៧០៩នាក់ក៏បានរងរបួសផងដែរ ហើយអាជ្ញាធរបញ្ជាក់ថា មានមន្ត្រីសន្តិសុខជាង ១០០ នាក់បានបាត់អាយុបង់ជីវិតក្នុងពេលបង្ក្រាបភាពវឹកវរនេះ ។
លោកអាហ្ស៊ីហ្ស៊ី (Azizi) បានព្រមានសត្រូវពីខាងក្រៅ ដូចជា អ៊ីស្រាអ៊ែល និងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអ៊ែល ថាបើបំផ្លាញសន្តិសុខ និងសេចក្តីសុខរបស់ប្រជាជនអ៊ីរ៉ង់ នោះអ៊ីរ៉ង់នឹងសងសឹកវិញតាមរយៈការបំផ្លាញសន្តិសុខរបស់ពួកគេវិញ ទោះនៅទីណាក៏ដោយនៅលើពិភពលោកនេះ។ លោកបន្តថា បច្ចុប្បន្នរដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍តាមទីក្រុងនានាបានទាំងស្រុងវិញហើយ ។
បាតុកម្មដែលបានចាប់ផ្ដើមតាំងពីចុងខែធ្នូ រីករាលដាលចេញពីរដ្ឋធានីតេហ៍រ៉ង់ រួចបន្តសាយភាយទៅទីកន្លែងផ្សេងទៀត ដោយសារតែបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ និងតម្លៃលុយអ៊ីរ៉ង់ធ្លាក់ថ្លៃខ្លាំង។ កាលនោះ ស្ថានការណ៍កាន់តែតានតឹងខ្លាំង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យអ្នកតវ៉ាបន្តសកម្មភាព និងព្រមានវាយប្រហារទីក្រុងតេហ៍រ៉ង់ ប្រសិនបើអាជ្ញាធរបង្ក្រាបអ្នកតវ៉ា។ បច្ចុប្បន្ន រលកបាតុកម្មបានថយចុះ ហើយក៏មានការរៀបចំដង្ហែរក្បួនគាំទ្ររដ្ឋាភិបាលវិញផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Reuters/ Vector Stock