ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី នឹងដំឡើងប្រាក់ខែទ្វេដង និងកំណត់រយៈពេលធ្វើការសម្រាប់ទិដ្ឋាការការងាររបស់ជនបរទេស

image


ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី នឹងដំឡើងកម្រិតប្រាក់ខែអប្បបរមាឱ្យកើនឡើងទ្វេដង និងដាក់កំហិតលើរយៈពេលនៃការធ្វើការសម្រាប់ជនបរទេសដែលកាន់ទិដ្ឋាការការងារ ដើម្បីបង្កើតឱកាសការងារបន្ថែមសម្រាប់ប្រជាជនក្នុងស្រុក ។

ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែមិថុនា ដោយនឹងដំឡើងកម្រិតប្រាក់ខែទាបបំផុតសម្រាប់ទិដ្ឋាការប្រភេទទី១ (សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់) ពី ១ម៉ឺនរីងហ្គីត (ប្រហែល ២,៤៦៥ ដុល្លារ) ទៅ ២ម៉ឺនរីងហ្គីតក្នុងមួយខែ ។

ចំពោះទិដ្ឋាការប្រភេទទី ២ (កម្រិតមធ្យម) កម្រិតប្រាក់ខែនឹងត្រូវដំឡើងពីចន្លោះ ៥,០០០-៩,៩៩៩ រីងហ្គីត ទៅប្រាក់ខែថ្មីចន្លោះពី ១ម៉ឺន-១៩,៩៩៩ រីងហ្គីត។ ចំណែកប្រភេទទី ៣ (កម្រិតទាប) នឹងកើនពីចន្លោះ ៣,០០០-៤,៩៩៩ រីងហ្គីត ទៅចន្លោះ ៥,០០០-៩,៩៩៩ រីងហ្គីត ដោយឡែកសម្រាប់ផ្នែកផលិតកម្ម គឺត្រូវមានប្រាក់ខែយ៉ាងតិចបំផុត ៧,០០០ រីងហ្គីត (ប្រហែល ១,៥៧៣ដុល្លារអាម៉េរិក) ។ស

ក្រៅពីប្រាក់ខែ រដ្ឋាភិបាលក៏បានកំណត់រយៈពេលស្នាក់នៅនិងធ្វើការផងដែរ ដោយប្រភេទទី១ និងទី២ អាចធ្វើការបានយូរបំផុត ១០ឆ្នាំ ចំណែកប្រភេទទី៣ ធ្វើការបានយូរបំផុតត្រឹម ៥ឆ្នាំប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុនដែលជួលបុគ្គលិកបរទេសប្រភេទទី២ និងទី៣ ត្រូវតែមាន «ផែនការបន្តវេន» ពោលគឺត្រូវបណ្តុះបណ្តាលបុគ្គលិកជនជាតិម៉ាឡេស៊ី ឱ្យមានសមត្ថភាពអាចចូលមកជំនួសតំណែងនោះបាននៅថ្ងៃក្រោយ ។

ក្រសួងមហាផ្ទៃម៉ាឡេស៊ី បានបញ្ជាក់ថា ការកែសម្រួលនេះ ធ្វើឡើងដើម្បីកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មបរទេស និងផ្តល់អាទិភាពដល់ជនជាតិខ្លួនឯង។ ការកំណត់រយៈពេលធ្វើការ គឺដើម្បីឱ្យក្រុមហ៊ុនរៀបចំផែនការផ្ទេរចំណេះដឹង និងជំនាញពីជនបរទេសមកឱ្យពលរដ្ឋក្នុងស្រុកឱ្យបានច្បាស់លាស់ ។

បច្ចុប្បន្ន ចំនួនជនបរទេសដែលមកធ្វើការនៅម៉ាឡេស៊ីមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីវិបត្តិកូវីដ-១៩។ គិតត្រឹម ១១ខែដំបូងនៃឆ្នាំ ២០២៥ ម៉ាឡេស៊ីបានចេញទិដ្ឋាការការងារថ្មីជាង ១៦៦,០០០ ច្បាប់ ដែលលើសពីចំនួនសរុបនៃឆ្នាំ ២០២៤ ទៅទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ eVnExpress on MSN | រូបភាព៖ Ranggit Plus/ Reuters/ Malay Mail