អភិបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យ និងធ្វើការសម្របសម្រួលជាមួយម្ចាស់ផ្សារ តាម៉ាប់ព្រែកជ្រៃ ក្រោយអាជីវករមួយចំនួន សំណូមពរចង់ទៅលក់ដូរនៅទីតាំងនោះវិញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យ និងធ្វើការសម្របសម្រួលបន្ថែមជាមួយម្ចាស់ផ្សារ ឯកជនមួយ ដែលមានឈ្មោះថា "ផ្សារតាម៉ាប់ ព្រែកជ្រៃ" ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិព្រែកកំពិស សង្កាត់ព្រែក កំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដេីម្បីដោះស្រាយកង្វល់ មួយចំនួនរបស់អាជីវករ ដែលចង់ផ្លាស់ប្ដូរពីការលក់គ្មាន សណ្ដាប់ធ្នាប់នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ជុំវិញ តំបន់ផ្សារដើម គ ទៅលក់ដូរនៅទីតាំងនោះវិញ។
ការចុះពិនិត្យ និងធ្វើការសម្របសម្រួលបន្ថែមជាមួយម្ចាស់ផ្សារនេះ ធ្វើឡើងតបតាមសំណូមពររបស់អាជីវករ ដែលបាន មកជួបជាមួយលោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ កាលពីថ្ងៃម្សិលមិញ។
ក្នុងឱកាសចុះពិនិត្យទីតាំងជាក់ស្តែងនេះ លោកអភិបាលរាជធានិភ្នំពេញ បានពិភាក្សាដោយ ឭមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាមួយម្ចាស់ផ្សារ និងទទួលបានការ ឯកភាពតាមលក្ខខណ្ឌមួយចំនួន ។
ជាមួយ ឭគ្នានេះដែរ លោកអភិបាល បានផ្តល់ការធានាអះអាង ក្នុងការជួយរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន នៅជុំវិញផ្សារតាម៉ាប់ ព្រែកជ្រៃ រួមមាន៖ ១. ធ្វើការជួសជុល ផ្លូវ និងបំពាក់បន្ថែមអំពូលភ្លើង បំភ្លឺសាធារណៈ តាមដងផ្លូវ ២១៧, ២. សហការជាមួយម្ចាស់ផ្សារតំឡើងអំពូលភ្លើងតាមច្រកផ្លូវក្នុងបរិវេណផ្សារ, ៣. ជួយសិក្សាគម្រោងបង្ហូរទឹក កខ្វក់ និងតម្រូវឱ្យម្ចាស់ផ្សាររៀបចំប្រព័ន្ធលូឱ្យបានត្រឹមត្រូវ និង ៤. ផ្តល់ការអនុគ្រោះលេីកលែងថ្លៃចាក់សំរាម នៅទីលាន រយៈពេល ១ឆ្នាំ ដោយម្ចាស់ផ្សារ ត្រូវធានាមិនយកកម្រៃ អនាម័យពីអ្នកលក់ដូរ។
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អាជីវករ រើសយកនូវជម្រើសសមរម្យណា មួយដែលអាជ្ញាធរបានព្យាយាមសម្របសម្រួលជូន ក្នុងនោះ អាចទៅលក់ដូរនៅ ទីតាំងផ្សារដេីមគថ្មី ឬ ផ្សារតាម៉ាប់ ព្រែកជ្រៃ ក៏បាន ប៉ុន្ដែហាមដាច់ខាតមិនត្រូវលក់នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ឡេីយ។
លោក ឃួង ស្រេង បន្តទៀតថា៖ អ្វីដែលអាជ្ញាធររាជធានីភ្នំពេញចង់បាន គឺអាជីវករទាំងអស់បញ្ឈប់ការលក់ដូរលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ១៧លាននាក់។
លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីបង្កការងាយស្រួលដល់អាជីវករ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ភ្លើងបំភ្លឺសាធារណៈថ្មី ចាប់ពីព្រំប្រទល់ខេត្តកណ្តាល រហូតមកដល់ក្នុងផ្សារតាម៉ាប់ព្រែកជ្រៃ ហើយបើកខឿនពុះចែកទ្រូវផ្លូវ២១៧ ឱ្យបានធំទូលាយ ហើយណែនាំឱ្យប្រធានផ្សារចាក់បេតុង ដាក់ថ្មម៉ិចក្នុងផ្សារ។
ប្រធានផ្សារតាម៉ាប់ព្រែកជ្រៃ បានឱ្យដឹងថា ផ្សារនេះមានផ្ទៃដីជាង ១០ហិកតា ដែលអាចទទួលអាជីវករលក់ដូរបានដោយមានស្តង់អាជីវកម្មបន្លែ ផ្លែឈើ និងត្រីសាច់ រាប់ពាន់ស្តង់ ដែលអាចឱ្យអាជីវករលក់ដូរ។ ចំពោះ អ្នកលក់ជាកញ្ច្រែង ល្អី ពួកគាត់ ក៏អាចមកលក់បាន ដោយមិនត្រូវបង់ថ្លៃនោះទេ។
ចំណែកអាជីវករវិញ បានសម្តែងនូវក្តីរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអភិបាលរាជធានីភ្នំពេញ នៅពេលដែលពួកគេសម្រេចចិត្តមកលក់ដូរនៅផ្សារថ្មីនេះ៕