សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជិត ១,៤ពាន់លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ត កើនឡើងជិត ៥៨%

image


ភ្នំពេញ៖ ប្រទេសកម្ពុជា រកចំណូលបានពីការនាំចេញសំបកកង់រថយន្ត ប្រមាណ ១៣៨០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ កើនឡើង ៥៧,៨៦% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យដែល CNC ទទួលបានពីក្រសួងពាណិជ្ជកម្ម។
កំណើននាំចេញយ៉ាងឆាប់រហ័សនេះ កំពុងជំរុញសំបកកង់រថយន្ត ក្លាយជាទំនិញយុទ្ធសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា ដែលគាំទ្រដល់មហិច្ឆិតារយៈពេលវែងរបស់ប្រទេសកម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ដំណូលខ្ពស់នៅឆ្នាំ២០៥០ ទោះបីជាឧស្សាហកម្មនេះ ទើបតែរះឡើងក្នុងរយៈពេលខ្លីនៅកម្ពុជាក៏ដោយ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានកត់សម្គាល់ឃើញថា ទោះបីជាការនាំចេញសំបកកង់រថយន្តមានទំហំទឹកប្រាក់ប្រមាណជាង ១៣០០លានដុល្លារអាម៉េរិក ប៉ុន្តែវាមានកំណើនទាំងបរិមាណសម្បកកង់ និងកំណើនទឹកប្រាក់ រហូតដល់ជាង ៥៧% ដែលជាអត្រាកំណើនខ្ពស់ ដែលឆ្លុះបញ្ចាំងថា ឧស្សាហកម្មសំបកកង់រថយន្តរបស់កម្ពុជា ត្រូវបានទទួលស្គាល់ក្នុងទីផ្សារពិភពលោក។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងក្នុងវេទិកាស្តីពី “វិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” កាលពីដើមខែតុលាកន្លងទៅនេះថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្តចំនួន ៨ ក្នុងនោះស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧ ហើយរោចក្រចំនួន ៥កំពុងតែដំណើរការអាជីវកម្ម និង ២ទៀត កំពុងតែធ្វើការសាងសង់។
លោកបានគូសបញ្ជាក់ថា ប្រសិនបើរោងចក្រទាំង ៨នេះ ដំណើរការទាំងអស់ នឹងមានតម្រូវការវត្ថុធាតុដើមជ័រកៅស៊ូរហូតដល់ ១លានតោនក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្ននេះ កម្ពុជា អាចផលិតជ័រកៅស៊ូបានត្រឹមតែ ៥០ម៉ឺនតោនប៉ុណ្ណោះ ដោយក្នុងនោះជ័រកៅស៊ូដែលអាចគ្រប់គ្រងបានមានតែជាង ៣០ម៉ឺនតោន និងជិត ២០ម៉ឺនតោនទៀត ត្រូវបាននាំចេញក្រៅផ្លូវការទៅប្រទេសជិតខាង។
លោកបានសង្កត់ធ្ងន់ថា ដើម្បីជំរុញឲ្យរោងចក្រទាំងនោះបង្កើនការទិញពីអ្នកផលិតកៅស៊ូក្នុងស្រុក យើងត្រូវការកែទម្លាប់នៃអ្នកផលិតកៅស៊ូក្នុងស្រុក ឲ្យពួកគេអនុវត្តតាមបទដ្ឋានស្តង់ដាររបស់ក្រុមហ៊ុន ដើម្បីផ្គត់ផ្គង់ឧស្សាហកម្មសម្បកកង់ដែលមានស្រាប់នៅកម្ពុជា។
បើតាមលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជា បាននាំចេញសំបកកកង់រថយន្តប្រហែល ១០លានគ្រាប់ និងរំពឹងថា នឹងកើនដល់ ១០០លានគ្រាប់ នាពេលខាងមុខ ដោយសារកំណើនចំនួនរោងចក្រវិនិយោគក្នុងឧស្សាហកម្មនេះ៕