ព័ត៌មានអន្តរជាតិ

មន្ត្រីចិន អញ្ជើញអាម៉េរិកឱ្យសហការគ្នា ដើម្បីកំណើនសេដ្ឋកិច្ច និងស្ថិរភាពពិភពលោក

image


ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) កាលពីដើមសប្ដាហ៍នេះ បានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បញ្ឈប់ប្រើប្រាស់ពាក្យ «ការគំរាមកំហែងពីចិន» ដើម្បីធ្វើជាលេសក្នុងការទាញយកផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយផ្ទាល់ខ្លួន ។
លោកគូ (Guo) បានថ្លែងក្នុងសន្និសីទកាសែតនៅរដ្ឋធានីប៉េកាំងថា ចិនបានបញ្ជាក់ច្បាស់ៗជាច្រើនដងហើយ អំពីជំហរលើបញ្ហាកោះហ្គ្រីនលែន ដោយសង្កត់ធ្ងន់ថាច្បាប់អន្តរជាតិត្រូវតែមានការគោរព។ លោកបានព្រមានដែរថា ការប្រើប្រាស់សម្ពាធសេដ្ឋកិច្ច ក៏ដូចជាការដំឡើងពន្ធក្រោមលេសសន្តិសុខជាតិ នឹងបំផ្លាញស្ថិរភាពពិភពលោកជាក់ជាមិនខានឡើយ ។
ការឆ្លើយតបខាងលើនេះ កើតឡើងបន្ទាប់ពីលោក ត្រាំ បានប្រកាសដំឡើងពន្ធ ១០% លើប្រទេសដាណឺម៉ាក និងប្រទេសអឺរ៉ុបចំនួន ៧ ផ្សេងទៀត ដូចជា ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ដ៍ និងហ្វាំងឡង់ដ៍ ។
លោក ត្រាំ អះអាងថា ការដំឡើងពន្ធនេះនឹងបន្តរហូតដល់មាន «កិច្ចព្រមព្រៀងទិញយកកោះហ្គ្រីនលែនទាំងស្រុង» ហើយវានឹងកើនឡើងដល់ ២៥% នៅខែមិថុនា បើមិនសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយនោះទេ។ លោកអះអាងជាបន្តថា អាម៉េរិកត្រូវតែធ្វើបែបនេះ ដើម្បីការពារកុំឱ្យចិន និងរុស្ស៊ី «ដណ្ដើមយក» កោះហ្គ្រីនលែន ជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់អាម៉េរិក ប៉ុន្តែរដ្ឋធានីប៉េកាំងបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងនេះ ។
លោកគូ (Guo) បានបន្ថែមថា ទីផ្សាររបស់ចិន នៅតែផ្ដល់ឱកាសយ៉ាងទូលំទូលាយសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក រួមទាំងក្រុមហ៊ុនអាម៉េរិកផងដែរ។ លោកបានអញ្ជើញអាម៉េរិក ឱ្យមកសហការគ្នាជំនួសវិញ ព្រោះសេដ្ឋកិច្ចចិន នឹងនៅតែជាក្បាលម៉ាស៊ីនដ៏មានស្ថិរភាពសម្រាប់ពិភពលោក ក្នុងផែនការប្រាំឆ្នាំ លើកទី ១៥ របស់ខ្លួន ។
ដោយឡែក មេដឹកនាំសហភាពអឺរ៉ុប បានព្រមានថា ការគំរាមកំហែងរបស់លោក ត្រាំ អាចបង្កឱ្យមាន «ការធ្លាក់ចុះយ៉ាងគ្រោះថ្នាក់» នៃទំនាក់ទំនងរវាងអាម៉េរិក និងអឺរ៉ុប ដោយបំផ្លាញសាមគ្គីភាពបស្ចិមប្រទេស និងធ្វើឱ្យចំណេញដល់គូប្រជែងភូមិសាស្ត្រនយោបាយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Reuters