សេដ្ឋកិច្ច

រាជរដ្ឋាភិបាលចាប់ផ្តើមរៀបចំអភិវឌ្ឍន៍ និងសាងសង់ពង្រីកបន្ថែមចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហុ

image


ព្រះសីហនុ៖ យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដែលបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលកំពុងកាន់កាប់សំណង់មិនរៀបរយក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំអភិវឌ្ឍន៍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា៣ជំហាន គិតចាប់ពី ឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដោយប្រើប្រាស់ថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុន។

ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍នេះ ដើម្បីបង្កើនសមត្ថភាពផែកុងតឺន័រដែលអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រមានចំណុះផ្ទុករហូតដល់ ១៦០.០០០ DWT (១៥.០០០ TEUs) ចេញ-ចូលដឹកជញ្ជូនពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅកាន់ពិភពលោកដោយផ្ទាល់ និងគ្មានឧបសគ្គជម្រៅទឹកទៀតឡើយ។ កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងក្រុមការងារសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលបានកាន់កាប់ដី និងផ្ទះ ស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រ រួចហើយ។

ទន្ទឹមនេះ ដើម្បីឱ្យផែនការអភិវឌ្ឍន៍គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី អាចដំណើរការទៅបានសម្រេចតាមផែនការដែលបានគ្រោងទុក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំក្រុមការងារសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចុះពិនិត្យដោះស្រាយផលប៉ះពាល់នានាជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីយកទីតាំងដីនេះធ្វើការអភិវឌ្ឍទៅតាមផែនការរបស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់ចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន៕