សង្គម

សាលារៀនជាច្រេីនក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមប្រមូលផលបន្លែ សម្រាប់ផ្ដល់ជូនវីរកងទ័ព វីរនគរបាលជាតិ និងជនភៀសសឹក

image

ភ្នំពេញ៖ បន្លែសុវត្ថិភាព និងបន្លែសរីរាង្គ ដែលផ្ដួចផ្ដើមបំផុសចលនាដាំដុះនៅតាមវត្ត តាមផ្ទះ តាមសាលារៀន និងតាមសហគមន៍ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗហើយ ដើម្បីយកទៅផ្ដល់ជូនដល់វីរកងទ័ពនៅសមភូមិមុខ វីរនគរបាលជាតិ និងប្រជាពលរដ្ឋបន្តភៀសសឹក នៅតាមជំរំសុវត្ថិភាព ។
ក្នុងឱកាសជួបសំណេះសំណាលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងប្រមូលផលបន្លែក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ!” នៅសាលាបឋមសិក្សាភ្នំពេញថ្មី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ដោយមោទនភាព និងមានក្តីរំភើបយ៉ាងក្រៃលែង ចំពោះចលនាការដាំបន្លែ ដើម្បីគាំទ្រដល់វីរកងទ័ពនៅសមភូមិមុខ វីរនគរបាលជាតិ និងជនភៀសសឹក ដែលត្រូវបានធ្វើនៅទូទាំងប្រទេស ក្រោមស្មារតីស្នេហាជាតិ និងខ្មែរតែមួយ ។
ជាមួយនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរព្រះគុណ និងថ្លែងអំណរគុណប្រគេនព្រះសង្ឃ ជូនអាជ្ញាធររាជធានី-ខេត្ត សាលារៀន វត្តអារាម និងនៅតាមសហគមន៍ជាដើម រួមទាំងសិស្សានុសិស្ស ដែលបានចូលរួមក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ” ដើម្បីដាំបន្លែជូនដល់វីរកងទ័ព ដែលកំពុងឈរការពារបូរណភាពទឹកដី ក៏ដូចជាជនភៀសឹក ដើម្បីឲ្យពួកគាត់មានបន្លែស្រស់បរិភោគ ហើយជាបន្លែសុវត្ថិភាពជំនួយដល់សុខភាព ។
លោកជំទាវបណ្ឌិត ក៏បានបង្ហាញនូវការជឿជាក់ថា ចលនានៃការគាំទ្រដល់វីរយុទ្ធជនកម្ពុជា និងជួយដល់អ្នកភៀសសឹកនេះ នឹងនៅបន្តក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយបន្តសហការគ្នា ដើម្បីកម្ពុជាមានកម្លាំងដ៏ខ្លាំងក្លា ថែរក្សាការពារប្រទេសជាតិ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានសាលារៀនជាង ១៧០កន្លែង បានចូលរួមក្នុងចលានាដាំបន្លែ សម្រាប់ផ្ដល់ជូនវីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋភៀសឹក ហើយបន្លែដែលប្រមូលបាននៅថ្ងៃនេះ នឹងត្រូវនាំទៅផ្ដល់ជូនពួកគាត់ភ្លាមៗ ។
នាយកសាលាបឋមសិក្សាភ្នំពេញថ្មី និងនាយកសាលាបឋមសិក្សាគោកបញ្ជាន់ បានឲ្យដឹងថា បន្ទាប់ពីមានការបំផុសចលនា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនាមថ្នាក់ដឹកនាំសាលា ក៏បានរួមគ្នាជាមួយលោកគ្រូអ្នកគ្រូ ដឹកនាំសិស្សានុសិស្ស ដាំបន្លែសុវត្ថិភាព ដើម្បីផ្ដល់ជូនវីរកងទ័ព វីរនគរបាលជាតិ និងជនភៀសសឹក ជាមួយនឹងទឹកចិត្តសាមគ្គីជាតិ ។ ពួកគាត់ក៏បានផ្ដាំផ្ញើទៅកាន់វីរកងទ័ពនៅសមភូមិមុខថា សមរភូមិក្រោយនៅតែឈរគាំទ្រ និងលើកទឹកចិត្តជានិច្ច ។
គួរបញ្ជាក់ថា ចលនាការដាំបន្លែនេះ មិនត្រឹមតែធ្វើនៅតាមសាលារៀន ទូទាំងប្រទេសប៉ុណ្ណោះទេ គឺមាននៅក្នុងវត្តអារាម សហគមន៍ ខណៈនៅតាមជំរំភៀសសឹកមួយចំនួន អាជ្ញាធរខេត្តក៏បានបំផុស ឲ្យមានការដាំបន្លែផងដែរ ៕