សង្គម

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ ខណៈអាជីវករលក់បន្លែ នឹងត្រូវទៅលក់ដូរនៅទីតាំងថ្មី

image

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករានេះ គឺជាថ្ងៃចុងក្រោយហេីយ សម្រាប់អាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ។ ចាប់ពីថ្ងៃស្អែកនេះតទៅ អាជីវករទាំងអស់នេះ នឹងតម្រូវឱ្យទៅលក់ដូរនៅផ្សារដើម គ ថ្មី វិញ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ក្នុង “នាមអ្នកនាំពាក្យរដ្ឋ បាល រាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ស្អែកនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ជាពិសេស គឺរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យល្អប្រសើរឡើងវិញ ដែលអាចនឹងបង្កការកកស្ទះចរាចរណ៍នៅតំបន់ជុំវិញនោះ។ ដូចនេះ សូមបងប្អូន ចូលរួមសហការជាមួយអាជ្ញាធរ និងយោគយល់ អធ្យាស្រ័យ ដោយក្តីអនុគ្រោះបំផុត។”
គួរបញ្ជាក់ដែរថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ក្នុងកិច្ចប្រជុំថា អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលេីដងផ្លូវ លេីចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដេីមគរ មានចំនួនជាង ៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ ខែមករា តទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតឱ្យលក់ដូរបន្តទៀតទេ។ ពួកគាត់ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។
លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ។ ចំពោះអាជីវករដែលផ្លាស់ទៅទីតាំងថ្មីនេះ នឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត់ ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង៕