ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កាណាដា ឈានដល់ជាង ១ពាន់លានដុល្លារ កើនឡើង ១៥%
ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ, ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កាណាដា បានកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ជាង ១ប៊ីលានដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ១៥% ធៀបនឹងឆ្នាំ២០២៤ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគ វិនិយោគិនកាណាដា មកដាក់ទុកវិនិយោគនៅកម្ពុជា។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយលោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដាប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាណាដា ដែលបានវិលត្រឡប់មកបើកនិវេសនដ្ឋាននៃស្ថានទូត ប្រចាំនៅកម្ពុជា នៅទីក្រុងភ្នំពេញវិញ ក៏ដូចជា,ដែលគិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២៤, កាណាដា បានផ្តល់ហិរញ្ញប្បទានឥតសំណងមកកម្ពុជា ប្រមាណ ២០៧ លានដុល្លារអាម៉េរិក ដោយផ្តោតលើវិស័យអប់រំ, សុខាភិបាល, កសិកម្ម, ថាមពល, សន្តិសុខស្បៀង, ការប្រយុទ្ធប្រឆាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, អភិបាលកិច្ច, និងសមភាពយេនឌ័រ។ កិច្ចសហប្រតិបត្តិការទ្វេភាគីទាំងនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងកម្ពុជា-កាណាដា។
លោក Christian DesRoches បានគូសបញ្ជាក់ពីស្ថានភាពជាក់ស្ដែង និងមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាក្នុងរយៈពេលវែង និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា។ ទាំងក្នុងក្របខណ្ឌទ្វេភាគី, អាស៊ាន, និងអន្តរជាតិ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-កាណាដា កាន់តែសកម្ម ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលកំពុងដើរស្របទៅមុខជាមួយនឹងទំនាក់ទំនងកាន់តែជ្រាលជ្រៅខាងនយោបាយ និងការទូត។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សាទំនាក់ទំនងល្អ និងបង្កើនកិច្ចសហប្រប្រតិបត្តិការ ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលបានប្រែក្លាយកាណាដាទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យ និងលោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ ការជំរុញនូវការវិនិយោគក្នុងវិស័យដែលមានសក្ដានុពល, បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រីកហិរញ្ញប្បទានសហប្រតិបត្តិការក្នុងវិស័យអាទិភាព ។ កម្ពុជា-កាណាដា នឹងពិនិត្យលទ្ធភាពក្នុងការកិច្ចព្រមព្រៀង ស្ដីពីការជំរុញនិងការការពារទៅវិញទៅមកនូវការវិនិយោគ និងកិច្ចព្រមព្រៀង ស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា ជាដើម។ រដ្ឋាភិបាលកាណាដា ក៏នឹងជំរុញការចរចារលើកិច្ចព្រមព្រៀង ស្ដីពីពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ផងដែរ៕
អត្ថបទ៖ ចេង ឆហួត