កម្លាំងអាវុធហត្ថ ធ្វើការឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែង ដកហូតបានបារីអេឡិចត្រូនិករាប់ពាន់ដើម
ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថ ខណ្ឌដូនពេញ ចុះធ្វើការឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែង ព្រមទាំងដកហូតបានបារីអេឡិចត្រូនិកជាច្រើនដើម កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ មូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការចុះបង្ក្រាបនេះបន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋ រាយការណ៍ទៅកាន់កម្លាំងអាវុធហត្ថជុំវិញ ការលក់ដូរយ៉ាងសកម្មនូវប្រភេទបារីអេឡិចត្រូនិក នៅចំណុចទីតាំងផ្ទះមួយកន្លែង ដែលស្ថិតនៅក្រោយវត្តឧណ្ណាឡោម។ បន្ទាប់មកកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតឈានដល់ការដាក់កម្លាំង សហការជាមួយអាវុធហត្ថខណ្ឌដូនពេញ ចុះធ្វើការឡោមព័ទ្ធទីតាំងផ្ទះ១ល្វែង និងបានដកហូតសម្ភារមួយចំនួនធំ ក្នុងនោះមានបារីអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់មួយចំនួនធំ។
ក្នុងការចុះបង្ក្រាបនេះ គេឃើញមានបារីអេឡិចត្រូនិកជាច្រើនប្រភេទ ជាច្រើនប្រអប់ ព្រមទាំងមានរសជាតិ និងក្លិនខុសៗគ្នា រួមទាំងឧបករណ៍ប្រើប្រាស់សម្រាប់បង្ហុយផ្សែងផ្សេងៗទៀតរាប់ពាន់ដើម ដែលជាទង្វើរខុសច្បាប់ និងបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។
ក្រោយពីដកហូត កម្លាំងអាវុធហត្ថបាននាំខ្លួនម្ចាស់ទីតាំង រួមទាំងវត្ថុតាងជាច្រើនបាវ បញ្ជូនទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំអនុវត្តបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ រដ្ឋ រង្សី