ព័ត៌មានជាតិ

ស្អែក! រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី៥ ដើម្បីពិភាក្សាអនុម័ត សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ

image

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តរបៀបវារៈមួយចំនួន។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សម្រាប់បន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ដើម្បីពិភាក្សា អនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។

អនុសញ្ញានេះ កំណត់អំពីក្របខ័ណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ និងសេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិសមុទ្រដ៏សម្បូរបែប ។

ការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសមានសមុទ្រ ទទួលបាននូវក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រ, ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា និងពង្រឹងតួនាទីកម្ពុជាលើ ឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខក្នុងការគ្រប់គ្រងសមុទ្រ, ដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រជាដើម ៕

អត្ថបទ៖ វង សុភ័ក្ត្រ