ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងវប្បធម៌៖ អង្គការ​ UNESCO នឹងមកវាយតម្លៃផលប៉ះពាល់ប្រាសាទព្រះវិហារ ដែលបំផ្លាញដោយយោធាថៃ​ ក្នុងពេលឆាប់ៗនេះ

image

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ បានឲ្យដឹងថា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឆាប់ៗនេះ ក្រុមការងារ UNESCO នឹងមកវាយតម្លៃផលប៉ះពាល់លើប្រាសាទព្រះវិហារ ដែលបំផ្លាញដោយយោធាថៃ នាពេលកន្លងមក។

លោក ស៊ុំ ម៉ាប់​ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា​ របាយការណ៍ពិនិត្យផ្ទាល់ដោយអ្នកជំនាញអង្គការ UNESCO ស្តីពីការខូចខាត គឺជាការងារចាំបាច់ដែលត្រូវចុះមកពិនិត្យ​ តែលោកមិនទាន់ដឹងកាលបរិច្ឆេទនៃការមកដល់ដែរ ប្រហែលជាពេលឆាប់ៗនេះ។ របាយការណ៍នៃការខូចខាតនេះ គឺជាជំហានមួយដ៏ចាំបាច់ ដើម្បីបន្តទៅជំហានផ្សេងៗទៀត ដើម្បីថែរក្សាការពារ និងដាក់ចេញនូវវិធានការទាំងឡាយដើម្បីអភិរក្សជួសជុលប្រាសាទ ចាត់វិធានការពារកុំឱ្យមានការបំផ្លិចបំផ្លាញតទៅទៀត ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងបន្តធ្វើការ។

អ្នកជំនាញអង្គការ UNESCO ចុះមកពិនិត្យនេះ បន្ទាប់ពីក្រសួងវប្បធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដាឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥៕