ព័ត៌មានអន្តរជាតិ

Update: មនុស្ស ៣២នាក់ស្លាប់នៅប្រទេសថៃ ក្នុងឧបទ្ទវហេតុបាក់ដងស្ទូចសង្កត់លើរថភ្លើងដឹកអ្នកដំណើរ

image


ថៃឡង់ដ៍៖ សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើងនៅខេត្តនគររាជសីមា ប្រទេសថៃ កាលពីថ្ងៃពុធ ទី១៤ មករា នៅពេលដែលដងស្ទូចនាការដ្ឋានសំណង់ស្ពានរថភ្លើងល្បឿនលឿនបាក់សង្កត់លើរថភ្លើងដែលកំពុងធ្វើដំណើរ បណ្ដាលឱ្យធ្លាក់ផ្លូវ និងរងការខូចខាតយ៉ាងដំណំ។ របាយការណ៍ចុងក្រោយ បញ្ជាក់ថា មនុស្ស ៣២ នាក់បានស្លាប់ ៣នាក់នៅតែបាត់ខ្លួន និងជាង ៦០នាក់ផ្សេងទៀតរងរបួស ។
ក្រុមសង្គ្រោះបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីកាត់ដែក និងស្វែងរកជនរងគ្រោះដែលជាប់គាំងខាងក្នុងទូររថភ្លើង។ ទោះជាយ៉ាងណា បេសកកម្មត្រូវបានផ្អាកជាបណ្ដោះអាសន្នកាលពីម៉ោង ៩:៤៨នាទីយប់មិញ ដោយសារតែការរុករកក្នុងទូរទី៣ មិនទាន់រកឃើញអ្នកបាត់ខ្លួនទាំង ៣ នាក់នោះនៅឡើយ ហើយស្ថានភាពនៅទីកន្លែងកើតហេតុមានគ្រោះថ្នាក់ខ្លាំង ប៉ុន្តែនឹងបន្តស្វែងរកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន កំពុងផ្ដោតលើការដកយកផ្នែកនៃដងស្ទូចដែលនៅទាក់ជាប់ខាងលើចេញ ដើម្បីធានាសុវត្ថិភាពដល់ក្រុមការងារ។ ក្រុមហ៊ុនអ្នកម៉ៅការសំណង់កំពុងរុះរើដងស្ទូចចេញ មុនពេលអាជ្ញាធរចូលទៅទាញយកសាកសពចេញពីក្នុងទូររថភ្លើង ព្រមទាំងកម្ទេចកម្ទី និងស្ទូចទូររថភ្លើងចេញពីទីតាំងកើតហេតុ ដើម្បីផ្ដល់ភាពងាយស្រួលដល់ក្រុមអ្នកជួយសង្គ្រោះ មុននឹងបើកដំណើរការផ្លូវដែកឡើងវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ Fire & Rescue Thailand | រូបភាព៖ AP & The Independent