គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅដំណើរការសាងសង់ បានប្រមាណជាង ១៥% នៃផែនការ
កណ្តាល៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ កំពុងដំណើរការទៅមុខយ៉ាងរលូន។ គម្រោងនេះ ត្រូវបានក្រុមការងារគម្រោង, ក្រុមការងារការដ្ឋាន និងអាជ្ញាធរខេត្តកណ្តាល បានរួមគ្នាឱ្យលេចចេញលទ្ធផលដោយអន្លើៗ និងសម្រេចវឌ្ឍនភាព ជារួមប្រមាណបាន ១៥,៥០%ហើយ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៥។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅរួមមាន៖ បណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥ គ.ម, បណ្តាញលូទឹកភ្លៀងប្រវែងសរុប ៥,៣ គ.ម, ស្ថានីយបូមទឹកកខ្វក់ធុនតូច-ធំ ចំនួន ០៧កន្លែង និងការងារតំណភ្ជាប់តាមផ្ទះចំនួន ១០០០០តំណ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ព្រមទាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានសមត្ថភាពចម្រោះ ១២ ០០០ ម៉ែត្រគូប/ថ្ងៃ ស្ថាបនាលើផ្ទៃដីទំហំ ២០ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បន្ថែមលើទំហំការងារ គម្រោងបានទទួលគោលការណ៍ សម្រាប់ការសិក្សាបច្ចេកទេសគំនូសប្លង់លម្អិត លើការងារកែលម្អស្ថានីយបូមទឹកភ្លៀង សាងសង់ស្ថានីយបូមថ្មី និងការតម្លើងបណ្តាញបង្ហូរទឹកភ្លៀង។
គួរបញ្ជាក់ថា គម្រោងនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់ ៣៦ខែ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខនេះ៕
អត្ថបទ៖ ឈុន សុភ័ក្រ