ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្តជំរុញការអភិវឌ្ឍសហគមន៍នេសាទ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់
កែប៖ សហគមន៍នេសាទទាំង៥ នៅខេត្តកែប កំពុងដំណើរការទៅរកការអភិវឌ្ឍទៅជាសហគមន៍នេសាទទេសចរណ៍ និងវារីវប្បកម្មសមុទ្រ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាពិេសសប្រជាជនរស់នៅតាមមាត់សមុទ្រ ការដាក់ចេញនេះ បន្ទាប់ពីលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកែប និងក្រុមការងារបានចុះពិនិត្យសក្តានុពលទីតាំងជាក់ស្តែងនៅសហគមន៍អង្កោល និងអូរក្រសារ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ ក្រោមវត្តមានស្វាគមន៍របស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ការចុះពិនិត្យនេះ ផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ មានផ្លូវថ្នល់ ចំណត ជាដើម ការជំរុញធ្វើវារីវប្បកម្ម ព្រមទាំងការកែច្នៃផលិតផលជលផល សេវាកម្មទេសចរណ៍ និងការពង្រឹងសមត្ថភាពអាជីពមុខរបររបស់សមាជិកសហគមន៍។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ជាពិសេសសហគមន៍នេសាទតំបន់ឆ្នេរ ដោយជំរុញភាពជាដៃគូរវាងដៃគូអភិវឌ្ឍ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីធានាបាននូវការប្រើប្រាស់ធនធានជលផលសមុទ្រដោយចីរភាព និងមានប្រសិទ្ធភាព។
ទិសដៅអភិវឌ្ឍន៍នេះ ត្រូវបានគេរំពឹងថា នឹងចូលរួមប្រែក្លាយជីវភាពរស់នៅរបស់សហគមន៍ឱ្យកាន់តែប្រសើរ រក្សាបាននូវសុវត្ថិភាពស្បៀងអាហារ ពង្រឹងភាពធន់ បង្កើនប្រាក់ចំណូល និងទ្រទ្រង់សេដ្ឋកិច្ចតំបន់ឆ្នេរឱ្យកាន់តែរឹងមាំ ដើម្បីក្លាយជាជន្ទល់សំខាន់មួយ នៃខឿនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
គួរបញ្ជាក់ជូនដែរថា ខេត្តកែប មានសហគមន៍ចំនួន៥សុទ្ធសឹងមានសក្តានុពលទាំងនេសាទ និងទេសចរណ៍ រួមមាន សហគមន៍នេសាទកែប សហគមន៍នេសាទ អូរក្រសារ សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទកំពុងត្រឡាច និងសហគមន៍នេសាទអង្កោល៕
អត្ថបទ៖ ង៉ុង សាន់