អ៊ីស្រាអ៊ែល ត្រៀមចាយលុយជាង ៧០០លានដុល្លារ ដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះលើបណ្ដាញសង្គមនៅទូទាំងពិភពលោក ប៉ុន្តែហាក់ពិបាកបិទបាំងសោកនាដកម្មនៅតំបន់ហ្គាហ្សា
អ៊ីស្រាអ៊ែល៖ ខណៈជម្លោះក្នុងតំបន់ហ្គាហ្សា (Gaza) បានឈានចូលដល់ឆ្នាំទី៣ អ៊ីស្រាអ៊ែលកំពុងតែប្រឈមមុខនឹងវិបត្តិមតិសាធារណៈពិភពលោកដែលមិនធ្លាប់មានពីមុនមក។ ជាច្រើនទសវត្សរ៍មកហើយ ប្រវត្តិសាស្ត្រនៃការបង្រ្កាបជនជាតិជ្វីហ្វ បានក្លាយជាខែលការពារអ៊ីស្រាអ៊ែលពីការរិះគន់ជាអន្តរជាតិ ប៉ុន្តែនៅក្នុងយុគសម័យបណ្តាញសង្គម រូបភាពជាក់ស្ដែងនៃការបំផ្លិចបំផ្លាញក្នុងតំបន់ហ្គាហ្សា រួមទាំងការវាយប្រហារលើមន្ទីរពេទ្យ និងការស្លាប់បាត់បង់អាយុជីវិតជនស៊ីវិលរាប់ម៉ឺននាក់ បានធ្វើឱ្យការយល់ឃើញរបស់ពិភពលោកចំពោះអ៊ីស្រាអ៊ែល ត្រូវផ្លាស់ប្តូរទាំងស្រុង ។
បច្ចុប្បន្ន យុវជនជំនាន់ក្រោយដែលមើលឃើញទិដ្ឋភាពជាក់ស្តែងតាមបណ្ដាញសង្គម TikTok យល់ថា អ៊ីស្រាអ៊ែលជា «អ្នកមានអំណាច» ដែលកំពុងធ្វើបាបប៉ាឡេស្ទីនដែលជា «ជនរងគ្រោះ»។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កត់សម្គាល់ឃើញថា ការគាំទ្រអ៊ីស្រាអ៊ែលនៅពេលនេះ អាចក្លាយជាគុណវិបត្តិផ្នែកនយោបាយទៅវិញ ។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ អ៊ីស្រាអ៊ែលបានបើកយុទ្ធនាការការទូតសាធារណៈ ("ហាសបារ៉ា-Hasbara") យ៉ាងខ្លាំងក្លា ដោយប្រើប្រាស់ឥទ្ធិពលនៃពាក្យសម្តី និងបុគ្គលមានឥទ្ធិពលនៅលើបណ្តាញសង្គម ដើម្បីស្រោចស្រង់រូបភាពរបស់ខ្លួន ។
របាយការណ៍ បង្ហាញថា រដ្ឋាភិបាលអ៊ីស្រាអ៊ែល បានចំណាយថវិការហូតដល់ ៧,០០០ ដុល្លារក្នុងមួយប៉ុស្ត៍ ដល់អ្នកមានឥទ្ធិពលនៅសហរដ្ឋអាម៉េរិក ដើម្បីផ្សព្វផ្សាយព័ត៌មានស្របតាមទស្សនៈរបស់ខ្លួន។ រឿងនេះ ក៏នាំឱ្យមានការប្តឹងផ្តល់តាមផ្លូវច្បាប់ ដោយចោទប្រកាន់ថាអ្នកបង្កើតមាតិកាទាំងនោះ កំពុងធ្វើសកម្មភាពជាទីភ្នាក់ងារបរទេសដែលមិនបានចុះបញ្ជី ។
ទំហំទឹកប្រាក់ដែលប្រើប្រាស់ក្នុងសង្គ្រាមព័ត៌មាននេះ មានចំនួនច្រើនសន្ធឹកសន្ធាប់។ លោកនាយករដ្ឋមន្ត្រី ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានលើកឡើងថា បណ្តាញសង្គមគឺជា «អាវុធដ៏សំខាន់បំផុត» ក្នុងសមរភូមិសម័យទំនើប។ ខណៈថវិកានៃយុទ្ធនាការ Hasbara នៅសហរដ្ឋអាម៉េរិកមានជិត ១ លានដុល្លារ ហើយរដ្ឋមន្ត្រីក្រសួងការបរទេស និងហិរញ្ញវត្ថុអ៊ីស្រាអ៊ែល បានស្នើកញ្ចប់ថវិកាសកលសម្រាប់ឆ្នាំ ២០២៦ ចំនួនជាង ៧០០ លានដុល្លារ ដើម្បីដណ្តើមយកប្រៀបលើសមរភូមិមតិសាធារណៈឡើងវិញនៅទូទាំងពិភពលោក ។
ទោះបីជាចំណាយទឹកប្រាក់ច្រើនយ៉ាងណាក៏ដោយ ក៏អ៊ីស្រាអ៊ែល ហាក់មិនសូវទទួលបានលទ្ធផលវិជ្ជមានឡើយ ជាពិសេសនៅសហរដ្ឋអាម៉េរិក។ ទិន្នន័យស្ទង់មតិថ្មីៗបង្ហាញថា ពលរដ្ឋអាម៉េរិក ៥៩% គាំទ្រចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន, ៦០% យល់ថាការឆ្លើយតបរបស់អ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សា គឺហួសហេតុខ្លាំងណាស់ និង ៤០% ជឿថាអ៊ីស្រាអ៊ែលមានចេតនាសម្លាប់ជនស៊ីវិល ។
សូម្បីតែឥទ្ធិពលរបស់ក្រុមអ្នកបញ្ចុះបញ្ចូល (Lobby) ដ៏ធំបំផុតដូចជា អៃប៉ាក (AIPAC) ក៏កំពុងតែរង្គោះរង្គើដែរ ដោយសំឡេងគាំទ្រអ៊ីស្រាអ៊ែលរបស់ពួកគេ លែងសូវមានឥទ្ធិពលហើយ ខណៈសមាជិកបក្សប្រជាធិបតេយ្យមួយចំនួន ចាប់ផ្តើមដកខ្លួនចេញពីការគាំទ្ររដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ ដោយពួកគេយល់ឃើញថា លុយមិនអាចទិញការគាំទ្របានឡើយ ប្រសិនបើពិភពលោកនៅតែឃើញរូបភាពសោកនាដកម្មនៅតំបន់ហ្គាហ្សា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The New Arab, New York Times, Reuters via Russia Today | រូបភាព៖ Alex Brandon via AP/ Anadolu Agency/ Ramadan Abed via Reuters/ AFP