មនុស្សម្នាក់ស្លាប់ ១២នាក់របួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែលលើតំបន់ហ្គាហ្សា ទោះមានបទឈប់បាញ់ក៏ដោយ
ហ្គាហ្សា, ប៉ាឡេស្ទីន៖ កាលពីថ្ងៃពុធ កងកម្លាំងអ៊ីស្រាអ៊ែលបានបើកការវាយប្រហារជាច្រើនកន្លែងនៅតំបន់ហ្គាហ្សា (Gaza) ដែលជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានរយៈពេលជាងពីរខែមកហើយ ។
ការវាយប្រហារនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់ និងបណ្ដាលឱ្យ១២នាក់ផ្សេងទៀតរងរបួស ខណៈហិង្សាបានកើតឡើងទាំងនៅខាងក្នុង និងខាងក្រៅតំបន់ពណ៌លឿងដែលគ្រប់គ្រងដោយកងទ័ព រួមមាននៅតំបន់ចាបាលីយ៉ា (Jabalia) នៅភាគខាងជើង និងទីក្រុងខាន់យូនីស (Khan Younis) នៅភាគខាងត្បូង ដោយមានការប្រើដ្រូនបាញ់លើអ្នកស្រុកពេលដែលកំពុងដើររើសអុស ។
ក្រៅពីនេះ ក៏នៅមានការប្រើប្រាស់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្របាញ់ប្រហារទៅលើតំបន់ស្នាក់នៅ និងជំរំភៀសខ្លួនផ្សេងៗទៀតផងដែរ។ ទោះបីជាមិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់បន្ថែមនៅនឹងកន្លែងភ្លាមៗក្តី ប៉ុន្តែគ្រាប់កាំភ្លើង និងការបាញ់ផ្លោងបានប៉ះចំទីតាំងស្នាក់អាស្រ័យជាច្រើន។ សាក្សីនិយាយថា អ៊ីស្រាអ៊ែលបានប្រើទាំងយន្តហោះ រថក្រោះ និងឧទ្ធម្ភាគចក្រ ដើម្បីវាយប្រហារលើទីក្រុងជាច្រើនក្នុងពេលតែមួយ ។
អាជ្ញាធរក្នុងតំបន់ ឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវអ៊ីស្រាអ៊ែលបំពាន។ មន្ត្រីអះអាងថា ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងខែតុលាមក មានការរំលោភកិច្ចព្រមព្រៀងរាប់រយដង ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់។ ចាប់តាំងពីសង្គ្រាមធំបានផ្ទុះឡើងក្នុងឆ្នាំ ២០២៣ មក មានជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់បានស្លាប់ ភាគច្រើនគឺជាស្ត្រី និងកុមារ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT/ Anadolu Agency | រូបភាព៖ Anadolu Agency/ Abdel Kareem Hana via AP/ Moiz Salhi via Anadolu