ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន៖ ចិននឹងបន្តជួយយ៉ាងសកម្ម ដើម្បីឱ្យស្ថានការណ៍កម្ពុជា-ថៃ បានធូរស្រាលក្នុងពេលឆាប់ៗ ដើម្បីក្តីសុខប្រជាជន

image

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) តាមរយៈបណ្ដាញសង្គមហ្វេសប៊ុននៅថ្ងៃនេះ បានបង្ហោះសារថា៖ «ទាំងកម្ពុជា និងថៃ សុទ្ធតែជាសមាជិកដ៏សំខាន់របស់អាស៊ាន។ ប្រទេសចិន សូមកោតសរសើរ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសគឺប្រទេសម៉ាឡេស៊ី ក្នុងការស្វែងរកសន្តិភាព។ ក្នុងនាមជាមិត្តភក្តិ និងជាអ្នកជិតខាងជិតស្និទ្ធរបស់ប្រទេសទាំងពីរ ចិនសង្ឃឹមយ៉ាងមុតមាំថា ការប្រយុទ្ធគ្នានឹងត្រូវបញ្ឈប់ ហើយសន្តិភាពនឹងត្រូវបង្កើតឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។ ការធ្វើបែបនេះ គឺដើម្បីផលប្រយោជន៍សន្តិភាពនៅតាមព្រំដែន និងដើម្បីក្តីសុខរបស់ប្រជាជននៃប្រទេសទាំងពីរ» ។

នៅក្នុងសំណេរដដែលនោះ បានបន្តថា៖ «ចាប់តាំងពីស្ថានការណ៍រវាងប្រទេសទាំងពីរឡើងកម្តៅខ្លាំងមក ប្រទេសចិនបានព្យាយាមជួយសម្រុះសម្រួលតាមរបៀបរបស់ខ្លួន។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានជជែកតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃរួចមកហើយ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសចិន ក៏បានបន្តទាក់ទងជាមួយកម្ពុជា ថៃ និងប្រទេសអាស៊ានដែលពាក់ព័ន្ធផ្សេងទៀតផងដែរ។ ជាមួយគ្នានេះ លោក តេង ស៊ីជុន (Deng Xijun) ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី កំពុងធ្វើដំណើរទៅមកដើម្បីជួយសម្របសម្រួលឱ្យមានការចរចាគ្នា។ ព័ត៌មានលម្អិតបន្ថែមអំពីដំណើរការនេះ នឹងបញ្ចេញឱ្យដឹងនៅពេលក្រោយ។ ប្រទេសចិននឹងបន្តជួយយ៉ាងសកម្មដើម្បីឱ្យមានសន្តិភាព និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យស្ថានការណ៍បច្ចុប្បន្នបានធូរស្រាលឡើងវិញ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Facebook Page Guo Jiakun Chinese Foreign Ministry Spokesperson