ចិន និយាយថា ជប៉ុនគ្មានសិទ្ធិរិះគន់លើកំណើនថវិកាការពារជាតិរបស់ប្រទេសចិននោះទេ
ចិន៖ ចិនបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការរិះគន់ពីសំណាក់ប្រទេសជប៉ុន ពាក់ព័ន្ធនឹងកំណើននៃការចំណាយថវិកាការពារជាតិ ដោយចិននិយាយថា ជប៉ុនគ្មានសិទ្ធិក្នុងការបញ្ចេញយោបល់លើបញ្ហានេះទេ។ រដ្ឋធានីប៉េកាំង បានចោទជប៉ុនថា នេះគឺជាការអះអាងមួយដែលគ្មានមូលដ្ឋាន និងជាការប្រមាថមកលើប្រទេសចិន ។
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) កាលពីថ្ងៃអង្គារ បានលើកឡើងថា កំណើនថវិកាការពារជាតិ គឺស្របច្បាប់ និងសមហេតុផល ដើម្បីការពារសន្តិសុខជាតិ និងបំពេញភារកិច្ចអន្តរជាតិរបស់ខ្លួន ហើយចិនបានក៏អះអាងដែរថា ខ្លួនមានកំណត់ត្រាល្អប្រសើរក្នុងការថែរក្សាសន្តិភាព បើធៀបនឹងប្រទេសមហាអំណាចដទៃ ។
ភាពតានតឹងបានកើនឡើងផងដែរ អំពីបញ្ហាតៃវ៉ាន់ បន្ទាប់ពីជប៉ុននិយាយថា គួរដោះស្រាយបញ្ហានេះដោយសន្តិវិធីផ្អែកតាមកិច្ចព្រមព្រៀងនាពេលកន្លងមក។ ទោះជាបែបណាក្ដី ចិនបានចោទប្រកាន់ជប៉ុនថា បំពានកិច្ចព្រមព្រៀង និងបានបង្កបញ្ហាបន្ថែមទៀតលើបញ្ហារសើប ។
លើសពីនេះ ចិនក៏បានលើកឡើងពីក្ដីព្រួយបារម្ភអំពីសុវត្ថិភាពនិស្សិតចិននៅក្នុងប្រទេសជប៉ុន ដោយសារតែបរិយាកាសសន្តិសុខ និងការសិក្សាកាន់តែអាក្រក់ទៅៗ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ iStock Photo/ SOFREP