ព័ត៌មានអន្តរជាតិ

ចិនចោទហ្វីលីពីនថាបង្កបញ្ហានៅសមុទ្រចិនខាងត្បូង ដោយធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់

image


ចិន៖ ប្រទេសចិនបានចោទប្រកាន់ភាគីហ្វីលីពីនថា «បង្កបញ្ហានៅសមុទ្រចិនខាងត្បូង តាមរយៈការបញ្ជូនទូកជាច្រើនគ្រឿងទៅកាន់ដែនទឹកក្បែរតំបន់ថ្មប៉ប្រះទឹក សៀនប៊ីនជាវ (Xianbin Jiao) ឬសាបីណាស្យូល។ រដ្ឋធានីប៉េកាំង កាលពីដើមសប្ដាហ៍នេះ និយាយថា សកម្មភាពនេះធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់ ។
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) បានលើកឡើងថា ទូកនេសាទរបស់ហ្វីលីពីន មិនគោរពតាមសេចក្ដីព្រមាន ហើយចូលចតនៅក្នុងតំបន់ខាងលើ ជាមួយនឹងចលនាដ៏គ្រោះថ្នាក់។ ចិនអះអាងថា ទង្វើបែបនេះស្មើនឹងការល្មើសច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងតំបន់ ។
ចំណែកឯហ្វីលីពីនឯណោះវិញ អះអាងថា ទូកនេសាទរបស់ខ្លួនប្រហែល ២០គ្រឿងរងនូវការយាយីពីកប៉ាល់ឆ្មាំសមុទ្រចិនកាលពីថ្ងៃទី១២ ខែធ្នូ។ ភាគីហ្វីលីពីន និយាយថា ចិនបានប្រើប្រាស់កាណុងបាញ់ទឹក កាត់ខ្សែយុថ្កា និងបង្កការរារាំងដល់ទូកនេសាទប្រកបដោយភាពគ្រោះថ្នាក់ ។
ទន្ទឹមនឹងនោះ ចិនបានការពារសកម្មភាពរបស់ខ្លួន ដោយនិយាយថា ចិនមានអធិបតេយ្យភាពពេញលេញលើតំបន់នោះ និងបានអនុវត្តទាំងស្រុងតាមច្បាប់។ សហរដ្ឋអាម៉េរិកបានរិះគន់ចិន និងប្រកាសគាំទ្រហ្វីលីពីន ប៉ុន្តែក្រុងប៉េកាំងបានបដិសេធ និងប្រាប់អាម៉េរិកមិនឱ្យចូលជ្រៀតជ្រែកលើរឿងនេះឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Asia News