ព័ត៌មានជាតិ

ក្រសួងការងារ និងក្រសួងសាធារណការ ប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់មានផាសុខភាព និងសុវត្ថិភាព នៅខេត្តស្វាយរៀង

image


ស្វាយរៀង៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសាធារណការនិងដឹកជញ្ជូន បាន ប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់មានផាសុខភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តដឹកជញ្ជូនកម្មករនិយោជិត។

ពីធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងនេះ បានធ្វើឡើងក្រោមវត្តមានលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តិទៅនៅបរិវេណតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។

ការដាក់ឱ្យអនុវត្តសាកល្បងនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញឱ្យមានការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញ ទៅជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ស្របតាមផែនការជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានចង្អុលបង្ហាញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រិះរកយន្តការគាំទ្រ និងការលើកទឹកចិត្តនានា សំដៅធ្វើយ៉ាងណាឱ្យរថយន្តសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត មានផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧។

ក្រៅពីនេះ សម្របសម្រួលរៀបចំឱ្យអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត ទទួលបានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើរថយន្តដឹកជញ្ជូនរបស់ខ្លួន ដែលនេះជាការចូលរួមលើកកម្ពស់ផាសុកភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរជាងមុនជូនដល់កម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនទាំងនោះ។

បើតាមលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា នៅទូទាំងខេត្តនេះ មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១៣កន្លែង ក្នុងនោះ កំពុងដំណើរការចំនួន ១២កន្លែង (ច្រើនជាងគេនៅទូទាំងប្រទេស) និងមានរោងចក្រសហគ្រាស ក្រុមហ៊ុនឯកជន ចំនួន ១.០៧៤កន្លែង និងមានសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្ម សរុបរហូតដល់ ៣.៦៣១មូលដ្ឋាន។ តំបន់សេដ្ឋកិច្ចទាំងនេះ កំពុងមានសកម្មភាពរួមចំណែកដល់ការលើកកម្ពស់សមត្ថភាព និងផលិតភាពជាតិ សម្រាប់ការនាំចេញ ក៏ដូចជាបម្រើឲ្យការប្រើប្រាស់ក្នុងស្រុក និងបានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋ ចំនួន ១៤៦.៥៨១នាក់ ដែលជាផ្នែកមួយដ៏សំខាន់ បង្កឱកាសកាន់តែងាយស្រួលដល់យុវជន និងប្រជាជនក្នុងការស្វែងរកការងារធ្វើ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជននៅមូលដ្ឋាន៕


អត្ថបទ៖ មិន ភក្តី