កម្ពុជា នឹងដាក់ដំណើរការកម្មវិធីកែសម្រួលទិន្នន័យអត្រានុកូលដ្ឋានតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីដោះស្រាយបញ្ហាខុសឆ្គងទិន្នន័យអត្តសញ្ញាណបុគ្គល នៅដើមឆ្នាំ២០២៦
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ដំណើរការកម្មវិធីកែសម្រួលទិន្នន័យអត្រានុកូលដ្ឋានតាមប្រព័ន្ធព័ត៌មានវិទ្យា នៅដើមឆ្នាំ២០២៦ ដើម្បីឲ្យពលរដ្ឋ និងមន្ត្រីអត្រានុកូលដ្ឋានកាន់តែមានភាពងាយស្រួល ក្នុងការដោះស្រាយបញ្ហាខុសឆ្គងទិន្នន័យអត្តសញ្ញាណបុគ្គលឲ្យបានលឿនជាងមុន។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោក ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
លោក ផុន លីវិរៈ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ចរបស់ជនគ្រប់រូបដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅបរទេស។ ការចុះបញ្ជីអត្រានុកូលដ្ឋាន រួមមាន៖ ការចុះបញ្ជីកំណើតរស់ មរណភាព និងអាពាហ៍ពិពាហ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ អាចកំណត់បាននូវអត្តសញ្ញាណដល់ជនគ្រប់រូបផងដែរ ចាប់តាំងពីកំណើតរស់បានកើតឡើង និងសម្រាប់ការទទួលបានអត្តសញ្ញាណស្របច្បាប់ និងរួមចំណែកក្នុងការពារសិទ្ធជាមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការទទួលបានសេវានានាដោយស្មើភាព ដូចជាការចុះឈ្មោះចូលរៀន សេវាថែទាំសុខភាព វាគាំពារសង្គមជាដើម។
លោក បានបន្តថា ការចុះបញ្ជីអត្រានុកូលដ្ឋាន គឺជាឆ្អឹងខ្នងដ៏សំខាន់នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម និងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ ដើម្បីទទួលបានការចុះបញ្ជីកំណើត បញ្ជីមរណភាព និងបញ្ជីអាពាហ៍ពិពាហ៍ឱ្យបានពេញលេញ ស្របតាមខ្លឹមសារច្បាប់ យើងទាមទារនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ សង្កាត់ ជាពិសេស គឺការចូលរួមពីពលរដ្ឋដោយផ្ទាល់ ដើម្បីធានាពង្រឹងគុណភាព ការផ្តល់សេវាអត្រានុកូលដ្ឋានដែលលឿន និងមានទំនុកចិត្តពីពលរដ្ឋ។
លោក បានសង្កត់ធ្ងន់ថា ដើម្បីធានាប្រមូលផ្តុំទិន្នន័យប្រជាជនជាឌីជីថល តាមគោលការណ៍អន្តរកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រជាជន និងការធ្វើសមាហរណកម្មយន្តការអភិបាលកិច្ចស្ថាប័ន អន្តរក្រសួង សម្រាប់ឲ្យស្ថាប័នផ្សេងទៀត ប្រើប្រាស់ជាប្រភពទិន្នន័យប្រជាជនចម្បងតែមួយគត់ និងជាទីទុកចិត្ត, ធានាដល់គុណភាពនិងគោលការណ៍ឯកតកម្មព័ត៌មានអត្តសញ្ញាណបុគ្គល និងធានាឲ្យស្ថាប័ន ឬបុគ្គលអនុញ្ញាតដោយច្បាប់មានលទ្ធភាពក្នុងការស្វែងរកទិន្នន័យត្រឹមត្រូវ និងពិតប្រាកដ, ធានាឲ្យបុគ្គលដែលមានសញ្ជាតិខ្មែរ និងបុគ្គលដែលកើត ឬស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលេខកូដសម្គាល់អត្តសញ្ញាណបុគ្គលតែមួយគត់និងជាអចិន្ត្រៃយ៍។
លោក ផុន លីវិរៈ បន្ថែមថា តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានផែនការសកម្មភាព ក្នុងការពង្រីកការអនុវត្តសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ហៅកាត់ថា CRS នៅខណ្ឌច្បារអំពៅ បន្ថែមពីលើខណ្ឌពោធិ៍សែនជ័យ នៅខែធ្នូ ឆ្នាំ២០២៥ និងដាក់ដំណើរការការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិកជាផ្លូវការនៅរាជធានីភ្នំពេញ នៅត្រីមាសទី១ ឆ្នាំ២០២៦។
កាលពីដើមឆ្នាំ២០២៥ ដោយទទួលបានកិច្ចសហការ និងគាំទ្រពីអង្គការ Vital Strategies អង្គការ OIF ក្រុមហ៊ុន Rain Barrel Labs និងអង្គការ Plan International Cambodia នៅខែមីនា ដល់ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដាក់ឱ្យអនុវត្តសាកល្បងគម្រោងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា ហៅកាត់ថា SBCC។ ការអនុវត្តសាកល្បងគម្រោង SBCC នេះត្រូវបានរៀបចំឡើងនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលទទួលបានលទ្ធផលល្អប្រសើរក្នុងការកែលម្អការចុះបញ្ជីអត្រានុកូលដ្ឋាន។
ម្យ៉ាងវិញទៀត ដើម្បីសម្រេចឱ្យបាននូវមហិច្ឆិតាក្នុងឈានដល់ការចុះបញ្ជីកំណើតនូវអត្រា ១០០% និងការចុះបញ្ជីមរណភាពនូវអត្រា ៨០% ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SGD 16.9) យើងត្រូវរួមបញ្ចូលទាំងការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក (CRS) និងការអនុវត្តយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម (SBCC)។
សូមបញ្ជាក់ថា កន្លងមក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាសេនាធិការរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារនេះ ដោយបានដាក់ចេញនូវនីតិវិធីនៃការកែតម្រូវទិន្នន័យ និងដំណោះស្រាយជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៧។ មកទល់បច្ចុប្បន្ន អគ្គនាយកដ្ឋានបានសម្រេចកែតម្រូវទិន្នន័យបានចំនួន ១៤៨.៨២៩នាក់ រួចហើយ និងកំពុងបន្តជំរុញការស្រាវជ្រាវ និងស៊ើបបញ្ជក់លើករណីស្មុគស្មាញមួយចំនួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
អត្ថបទ៖ ចេង ឆហួត