រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវពង្រឹងការអនុវត្តនូវយុទ្ធសាស្រ្ត និងសកម្មភាពសង្រ្គោះព្យាបាល ឆ្លើយតបនឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តដែលក្នុងនោះបានផ្តោតលើការឆ្លើយតបទៅនឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តោតសំខាន់លើការអនុវត្តឡើងវិញនូវផែនការយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងស្ថានភាពនៅព្រំដែន និងបានណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិ សហការឱ្យបានស្អិតរមួតជាមួយមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន ក្នុងការរៀបចំឆ្លើយតបទាន់ពេលវេលា ឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហា គ្រប់គ្រងស្ថានភាព ផលប៉ះពាល់ទីតាំងនិងសុខភាពប្រជាពលរដ្ឋ វីរកងទ័ព មធ្យោបាយនៃដោះស្រាយបញ្ហា ដើម្បីធានាយ៉ាងណាការជួយសង្រ្គោះបានទាន់ពេលវេលា ការបញ្ជូនចំគោលដៅ និងមានប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ បានណែនាំ៖
១) ត្រៀម និងពង្រឹងការឆ្លើយតបបន្ទាន់ (emergency response) ទៅនឹងស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ដោយសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធទាំងអស់
២) ថ្នាក់ដឹកនាំគ្រប់លំដាប់ត្រូវពង្រឹងការប្រាស្រ័យទាក់ទងតាមរយៈ risk communication ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា
៣) រៀបចំលក្ខណៈឱ្យបានលម្អិតនិងច្បាស់លាស់ ក្នុងការត្រៀមលក្ខណៈដូចជា ឱសថ សម្ភារៈបរិក្ខារពេទ្យ តម្រូវការឈាម និងក្រុមគ្រូពេទ្យជំនាញ
៤) មន្រ្តីសុខាភិបាល ក៏ត្រូវចេះការពារខ្លួន ក្នុងករណីកើតមានជាយថាហេតុណាមួយកើតឡើង
៥) មូលដ្ឋានសុខាភិបាលគ្រប់កម្រិត ត្រូវយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសុខភាពដែលមានគុណភាព គិតគូរអំពីសុខភាពផ្លូវចិត្ត ជាពិសេសសុខភាពមាតា ទារក និងកុមារ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរដល់មន្ទីរពេទ្យជាតិ និងក្រុមគ្រូពេទ្យជំនាញ ដែលបានចេញដំណើរទៅតាមខេត្តគោលដៅរៀងៗខ្លួន និងបានរៀបចំបែងចែកក្រុមគ្រូពេទ្យ ដើម្បីត្រៀមលក្ខណៈក្នុងការជួយសង្រ្គោះបានទាន់ពេលវេលា៕
អត្ថបទ៖ សន ពិសិដ្ឋ