អនុប្រធានទី២ រដ្ឋសភា ជំរុញឱ្យនិស្សិតអាហារូបករណ៍ ជួយផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ណូវែលសេឡង់ និងដើរតួនាទីជាទូតសុច្ឆន្ទៈតំណាងប្រទេស ដើម្បីផ្សព្វផ្សាយពីកម្ពុជា ទៅកាន់បរទេស
ភ្នំពេញ៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភា នៅរសៀលថ្ងៃទី៨ ខែធ្នូនេះ បានទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភី អាហារូបករណ៍ប្រទេសណូវែលសេឡង់។
លោក ចិន្តា ផារិទ្ធិ អនុប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹក បានជម្រាបជូនលោក វង សូត ពីកម្មវិធី Manaaki New Zealand Scholarship បានផ្តល់អាហារូបករណ៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្ម ដែលក្នុងនោះ មានប្រទេសកម្ពុជាផងដែរ។
លោកបានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំ កម្មវិធីនេះផ្តល់អាហាររូបករណ៍ចំនួន ៣៥កន្លែង ចំពោះថ្នាក់អនុបណ្ឌិត និងបណ្ឌិតសម្រាប់ប្រជាជនកម្ពុជា ដែលមានអាយុចន្លោះពី ១៨ ដល់៣៩ឆ្នាំ និងរស់នៅយ៉ាងតិច ២ឆ្នាំនៅក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃដាក់ពាក្យ។
បេក្ខជន និងបេក្ខនារីត្រូវមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការសិក្សា និងត្រូវត្រឡប់មកប្រទេសកម្ពុជាវិញ ហើយត្រូវចូលបម្រើ ការងារនៅក្នុងប្រទេស ដើម្បីជួយអភិវឌ្ឍន៍ជាតិមាតុភូមិយ៉ាងតិច ២ឆ្នាំបន្ទាប់ពីការបញ្ចប់ការសិក្សា។
តំណាងនិស្សិតអាហារូបករណ៍រូបនេះ បានបញ្ជាក់ថា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ផ្តល់ជូននេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់ឱកាសឲ្យនិស្សិតអភិវឌ្ឍខ្លួន ដែលជាធនធានមនុស្ស ឱ្យមានគុណភាពក្នុងវិស័យសិក្សារៀនសូត្រ។
នៅក្នុងឱកាសនោះដែរលោក វង សូត អនុប្រធានទី២ រដ្ឋសភា មានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រួមទាំងទេសចរណ៍រវាងកម្ពុជា-ណូវែលសេឡង់ នៅមានកម្រិត តិចតួចនៅឡើយ។ ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ សភាណូវែលសេឡង់ គឺជាសភាសង្កេតការណ៍របស់អាយប៉ា និងបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពរបស់អាយប៉ា។
អនុប្រធានទី២ បានលើកឡើងថា យុវជន និងសិស្សនិស្សិត ដើរតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង កម្ពុជា-ណូវែលសេឡង់ និងដើរតួនាទីជាទូតសុច្ឆន្ទៈតំណាងប្រទេស ដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅកាន់បរទេស សំដៅជំរុញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកាន់កម្ពុជាឱកាន់តែច្រើន។
លោក បានបញ្ជាក់បន្ថែមថា កម្ពុជា បានផ្តល់តម្លៃដល់យុវជន ជាអ្នកដឹកនាំជំនាន់ក្រោយ។ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាដឹកនាំដោយយុវជនជំនាន់ក្រោយ ក្នុងនោះ ក្នុងចំណោមសមាជិករដ្ឋសភា ក៏មានសមាជិរដ្ឋសភាជាយុវជន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធសេរីភាព និងការចូលរួមរបស់យុវជនក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើធនធានមនុស្ស គឺស្របទៅតាមជំនួយរបស់ណូវែលសេឡង់ ដែលជួយអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា៕
អត្ថបទ៖ វង សុភ័ក្ត្រ