ព័ត៌មានអន្តរជាតិ

ទីក្រុងបាងកក ប្រឈមគ្រោះទឹកជំនន់នៅក្នុងសហគមន៍រស់នៅចំនួន១១ ក្នុងខណ្ឌចំនួន៦ នាសប្ដាហ៍នេះ

image


បាងកក, ថៃឡង់ដ៍៖ រដ្ឋបាលទីក្រុងបាងកក (BMA) បានត្រៀមកម្លាំងមន្ត្រីដើម្បីតាមដានយ៉ាងដិតដល់នូវការជន់លិចដោយទឹកជំនន់ដែលអាចកើតមានរហូតដល់ថ្ងៃទី១២ ខែធ្នូ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីនាយកដ្ឋានជលសាស្ត្រថៃ បានចេញការព្រមានថា កម្រិតទឹកទន្លេចៅប្រាយ៉ា នឹងឡើងខ្ពស់ខ្លាំង ជាពិសេសនៅចន្លោះម៉ោង ៨ ព្រឹក រហូតដល់ ២ រសៀល ។

សហគមន៍ចំនួន ១១ ស្ថិតនៅក្នុងខណ្ឌចំនួន ៦ ដែលស្ថិតនៅក្រៅទំនប់ការពារទឹកជំនន់របស់ទីក្រុង ប្រឈមនឹងហានិភ័យនៃការប៉ះពាល់ដោយផ្ទាល់។ ពលរដ្ឋជាង ៣២០ គ្រួសារអាចប្រឈមទឹកជំនន់ ប្រសិនបើទឹកហក់ឡើងខ្លាំងរហូតហូរហៀរបាក់ច្រាំងទន្លេ ។

តំបន់ងាយរងគ្រោះទាំង ១១ នេះស្ថិតនៅតាមបណ្តោយទន្លេចៅប្រាយ៉ា ព្រមទាំងព្រែកក្លងបាងកកណយ (Khlong Bangkok Noi) និងក្លងមហាសាវ៉ាត់ (Khlong Mahasawat) ក្នុងខណ្ឌឌូស៊ីត (Dusit), ព្រះនគរ (Phra Nakhon), បាងខូលែម (Bang Kho Laem), យ៉ានណាវ៉ា (Yan Nawa), បាងកកណយ (Bangkok Noi), និងក្លងសាន (Khlong San)។ តំបន់ទាំងនេះមានពលរដ្ឋរស់នៅប្រមាណ ១,០៧០ នាក់។

BMA បានជំរុញឱ្យអ្នករស់នៅក្នុងតំបន់ប្រឈម តាមដានព័ត៌មានថ្មីៗ និងត្រៀមស្នើសុំជំនួយសង្គ្រោះបន្ទាន់ភ្លាមៗ។ នាយកដ្ឋានជលសាស្ត្រកងទ័ពជើងទឹកថៃក៏បានណែនាំឱ្យអ្នករស់នៅក្រៅរបាំងការពារទឹកជំនន់ ប្រុងប្រយ័ត្ន រហូតដល់ថ្ងៃទី ១២ ខែធ្នូ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Vietnam Plus/ The Star/ Globe News Bangkok | រូបភាព-Photo៖ Globe News Bangkok/ AFP