ព័ត៌មានជាតិ

មុនឡើងធ្វើជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២៦ ហ្វីលីពីន អំពាវនាវឱ្យអាស៊ានពង្រឹងកិច្ចការពារជាតិឱ្យកាន់តែរឹងមាំ

image


ហ្វីលីពីន៖ ស្របពេលហ្វីលីពីនកំពុងត្រៀមខ្លួនធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ ២០២៦ មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបរបស់ប្រទេសនេះ បានលើកឡើងថា ហ្វីលីពីនមានគម្រោងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។

ថ្លែងនៅក្នុងសន្និសីទនាទីក្រុង ម៉ាកាទិ (Makati) អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទំនាក់ទំនងផ្ទៃក្នុង លោកស្រី ម៉ារីតា អ៊ី យ៉ូរ៉ូ (Marita I Yoro) មានប្រសាសន៍ថា ក្រសួងការពារជាតិ (DND) មានគោលបំណងលើកកម្ពស់រចនាសម្ព័ន្ធសន្តិសុខដែលបើកចំហរ និងផ្អែកលើច្បាប់ ដើម្បីជួយរក្សាតំបន់ឱ្យមានស្ថិរភាព ជាពិសេសនៅពេលដែលស្ថានភាពពិភពលោកបច្ចុប្បន្នពិបាកនឹងទាយទុកជាមុន ។

មន្ត្រីរូបនោះ បានសង្កត់ធ្ងន់ថា កម្លាំងរបស់អាស៊ានគឺស្ថិតនៅលើសាមគ្គីភាព ដែលដើរតួជាកម្លាំងទប់លំនឹងដ៏សំខាន់មួយ។ លោកស្រីបានបន្ថែមទៀតថា ការសម្រេចបាននូវសាមគ្គីភាព គឺទាមទារឱ្យមានការប្ដេជ្ញាចិត្តជាប់លាប់ពីសមាជិកទាំងអស់ ដើម្បីជួយគាំទ្រគ្នាទៅវិញទៅមក ទោះបីជាមានតម្រូវការ និងស្ថានភាពខុសគ្នាក៏ដោយ ហើយហ្វីលីពីនប្ដេជ្ញាចិត្តនឹងពង្រឹងសន្តិភាព និងសន្តិសុខរួមគ្នាក្នុងតំបន់ក្រោមការដឹកនាំរបស់ខ្លួន ។

ហ្វីលីពីននឹងចាប់ផ្ដើមតំណែងជាប្រធានប្ដូរវេនរបស់អាស៊ាននៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ការបើកសំពៅទៅកាន់អនាគតរបស់យើង រួមគ្នា»។ អាទិភាពសំខាន់ៗនឹងរួមមាន សន្តិភាពនិងសន្តិសុខ ផែនការសេដ្ឋកិច្ច និងការផ្តោតលើវិស័យនានា ដូចជា បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) សន្តិសុខដែនសមុទ្រ ការឆ្លើយតបគ្រោះមហន្តរាយ និងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY