ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ចិន និងរុស្ស៊ី រួមគ្នាប្រឆាំងរាល់ការប៉ុងប៉ងធ្វើឱ្យលទ្ធិនិយមជ្រុលរស់ឡើងវិញ

image


ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) កាលពីពេលថ្មីៗនេះ បានថ្លែងថា ចិន និងរុស្ស៊ី រួមគ្នាប្រឆាំងរាល់ការប៉ុនប៉ងណាមួយដែលធ្វើឱ្យលទ្ធិហ្វាស៊ីស ឬលទ្ធិយោធានិយមជប៉ុន រស់ឡើងវិញ។ លោក លីន សង្កត់ធ្ងន់ថា ប្រទេសទាំងពីរចង់ឱ្យពិភពលោក ចងចាំមេរៀននៃសង្គ្រាមលោកលើកទី២ ហើយធ្វើការរួមគ្នាដើម្បីទប់ស្កាត់កុំឱ្យមនោគមវិជ្ជា និងទង្វើឈ្លានពានបែបនោះកើតឡើងម្តងទៀត។ លោកលីន និយាយដែរថា ចិននឹងបន្តធ្វើការជាមួយរុស្ស៊ី ដើម្បីទប់ស្កាត់នូវការបង្កហេតុពីក្រុមស្តាំនិយមជ្រុលរបស់ជប៉ុន ។

ភាពតានតឹងរវាងចិន និងជប៉ុនបានបន្តកើនឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) និយាយថា សកម្មភាពយោធារបស់ចិននៅក្បែរតៃវ៉ាន់អាចគំរាមកំហែងដល់សន្តិសុខជប៉ុន។ ក្នុងនោះ ចិនបានច្រានចោលសេចក្តីថ្លែងការណ៍របស់ជប៉ុន ហើយបានធ្វើការរិះគន់មេដឹកនាំតៃវ៉ាន់ លោក ឡៃ ជីងតេ (Lai Ching-te) ដែលចោទប្រកាន់ចិនថាគំរាមកំហែងខ្លួនដូចជប៉ុនដែរ។

រឿងដាច់ដោយឡែកមួយទៀត លោកលីន (Lin) បានបញ្ជាក់ថា ចិន និងបារាំងនឹងផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០០ លានដុល្លារអាម៉េរិកដល់ប៉ាឡេស្ទីន។ លោកបានថ្លែងថា ការគាំទ្រនេះនឹងជួយកាត់បន្ថយទុក្ខលំបាកនៅតំបន់ហ្គាហ្សា (Gaza) ហើយប្រទេសទាំងពីរមានគោលបំណងជំរុញដំណោះស្រាយមួយដែលយុត្តិធម៌ និងយូរអង្វែងចំពោះបញ្ហារបស់ប៉ាឡេស្ទីន។ សេចក្តីប្រកាសនេះ បានធ្វើឡើងក្នុងអំឡុងប្រធានាធិបតីបារាំង លោក ម៉ាក្រុង (Macron) បំពេញទស្សនកិច្ចនៅប្រទេសចិន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Wikimedia Commons via The Diplomat/ The Weebly/ Vecteezy