កម្ពុជា និងម៉ាឡេស៊ី ជំរុញការទាក់ទាញទេសចរ ទៅវិញទៅមក ខណៈរយៈពេល១០ខែក្នុងឆ្នាំ២០២៥នេះ ទេសចរម៉ាឡេស៊ី ចូលមកលេងកម្សាន្តនៅកម្ពុជា មានជាង ៧ម៉ឺននាក់
ភ្នំពេញ៖ ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី សហការជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងគាំទ្រដោយក្រសួងទេសចរណ៍ បានរៀបចំ «ពិព័រណ៍ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦» ដែលមានរយៈពេល ២ថ្ងៃ ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងទេសចរណ៍សុខភាព របស់ប្រទេសម៉ាឡេស៊ី មកកាន់ទីផ្សារប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីបើកពិព័រណ៍ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦ ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ឆ្នាំនេះជាខួប៦៨ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ខណៈដែលវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ តួយ៉ាងរយៈពេល ១០ខែក្នុងឆ្នាំ២០២៥ ទេសចរម៉ាឡេស៊ី ចូលមកកម្សាន្តនៅកម្ពុជា មានជាង ៧ម៉ឺននាក់។
លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងអភិវឌ្ឍន៍ផែនការទាក់ទាញទេសចរមូស្លីម ក្នុងនោះ រួមមានទំាងប្រទេសម៉ាឡេស៊ី ដែលមានអ្នកកាន់សាសនាអ៊ីស្លាម ច្រើនផងដែរ។ ក្រសួងទេសចរណ៍ កំពុងរៀបចំ និងកៀរគរមូលដ្ឋានអាជីវកម្ម ឱ្យត្រៀមខ្លួនសម្រាប់ទទួលទេសចរមូស្លីម ដូចជារៀបចំកន្លែងថ្វាយបង្គំ ម្ហូបអាហារហាឡាល់ និងតម្រូវការចាំបាច់សម្រាប់ទេសចរមូស្លីម ដើម្បីជំរុញ និងទាក់ទាញទេសចរមូស្លីម មកពីតំបន់ជុំវិញពិភពលោក។
បើតាមលោកស្រី ណឺរ ហ៊ឺរសាស៊ីឡា ហ្គាហ្សាលី អនុប្រធានបេសកកម្មនៃស្ថានទូតម៉ាឡេស៊ី បានឱ្យដឹងថា ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦ ជាផ្នែកមួយ នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យទែសចរណ៍ រវាងម៉ាឡេស៊ី និងកម្ពុជា ក៏ដូចជាការបង្ហាញពីវប្បធម៌ ដ៏រស់រវើករបស់ប្រទេសម៉ាឡេស៊ី ភាពទាក់ទាញចម្រុះជាតិសាសន៍ និងបទពិសោធន៍ទេសចរណ៍ដ៏គួរឱ្យរីករាយ។
លោកស្រី បានបន្ថែមថា ពិព័រណ៍នេះ អនុញ្ញាតឱ្យប្រជាជនកម្ពុជា ស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ ម្ហូបអាហារ និងប្រពៃណីរបស់ប្រជាជនម៉ាឡេស៊ី ក៏ដូចជាស្វែងយល់ ពីតំបន់ទេសចរណ៍ប្លែកៗ សេវាទេសចរណ៍សុខភាព ដែលកំពុងពេញនិយម សម្រាប់ពលរដ្ឋកម្ពុជា ផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ លោកស្រី រំពឹងថា ប្រទេសទាំងពីរ នឹងមានចរន្តទេសចរណ៍នឹងគ្នាកាន់តែល្អប្រសើរទាំងបច្ចុប្បន្ន និងទៅអនាគត។
សូមបញ្ជាក់ថា ពិព័រណ៍ទស្សនាម៉ាឡេស៊ី២០២៦នេះ មានការចូលរួមដាក់តាំងបង្ហាញពីក្រុមហ៊ុនទេសចរណ៍ មន្ទីរពេទ្យមកពីម៉ាឡេស៊ី និងស្ថាប័នពាក់ព័ន្ធ រហូតទៅដល់ ២៤ស្ថាប័ន ជាមួយការសម្តែងសិល្បៈ ពីសិល្បករមកពីម៉ាឡេស៊ី ការសាកល្បងសំលៀកបំពាក់ប្រពៃណីម៉ាឡេស៊ី ការផាត់គំនូរ Batik ការគូសដៃបែបសិល្បៈ Henna និងឱកាសឈ្នះរង្វាន់សំបុត្រយន្តហោះ រួមនិងដំណើរកម្សាន្តទៅប្រទេសម៉ាឡេស៊ីជាដើម៕