ព័ត៌មានជាតិ

ក្រុមហ៊ុនរុករករ៉ែមាសមួយនៅខេត្តកំពង់ឆ្នាំ​ បានប្រេីសារធាតុ​ «ស៊ីយ៉ានីត» បណ្តាលឱ្យងាប់សត្វគោ​ និងភាវៈរស់ក្នុងទឹក

image


កំង់ឆ្នាំង៖​ ទីតាំងអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលជាក្រុមហ៊ុនរុករករ៉ែមាសមួយបានបំពុលបរិស្ថាននៅតំបន់អូរឫស្សី​ ក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។​ ក្រុមហ៊ុននេះបានប្រេីសារធាតុ​ «ស៊ីយ៉ានីត» បណ្តាលឱ្យងាប់សត្វគោ​ និងភាវៈរស់ក្នុងទឹកជាច្រេីន។

សមបញ្ជាក់ថា​ សារធាតុ «ស៊ីយ៉ានីត» ជាសារធាតុគីមីដែលមានសកម្មភាពលឿន និងមានជាតិពុលខ្ពស់ ដែលមានក្រុម សមាសធាតុគីមីស៊ីយ៉ាណូ (C=N)។ វាអាចមានទម្រង់ជាឧស្ម័ន (អ៊ីដ្រូសែនស៊ីយ៉ានីត) ជាទម្រង់ រាវ ឬរឹង (ឧទាហរណ៍ សូដ្យូម ប៉ូតាស្យូមស៊ីយ៉ានីត)។​ វាមានបរិមាណតិចតួចនៅក្នុងធម្មជាតិនៅក្នុងរុក្ខជាតិ និងគ្រាប់ពូជផ្លែឈើមួយចំនួន ខណៈពេលដែលការផលិតទ្រង់ទ្រាយធំត្រូវបានផ្សារភ្ជាប់ទៅនឹងការជីកយករ៉ែ ការកែច្នៃលោហៈ ការផលិតគីមី និងដំណើរការចំហេះ។​ ស៊ីយ៉ានីត​ មានសកម្មភាពបង្ខាំងកោសិការមិនឱ្យប្រើប្រាស់អុកស៊ីសែន ដែលនាំឱ្យមានការខ្សោយសរីរាង្គយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងខួរក្បាល និងបេះដូង។

ចំពោះផលប៉ះពាល់សុខភាព​ សារធាតុ «ស៊ីយ៉ានីត» បណ្តាលឱ្យមានរោគសញ្ញាយ៉ាងឆាប់រហ័សដូចជា វិលមុខ ឈឺក្បាល ដកដង្ហើមលឿន ច្របូកច្របល់ ចង្អោរ និងអាចប្រកាច់ សន្លប់ ខ្សោយផ្លូវដង្ហើម និងស្លាប់។ ការសង្គ្រោះបន្ទាន់ចំពោះអ្នកប៉ះពាល់គឺ ត្រូវផ្លាស់ទីអ្នកប៉ះពាល់ទៅទីកន្លែងមានខ្យល់អាកាសបរិសុទ្ធ ដោះសម្លៀកបំពាក់ដែលមានប្រឡាក់សារធាតុចេញ លាងសម្អាតស្បែក និងស្វែងរកការព្យាបាលជាបន្ទាន់។

ចំណែកការបំពុលស៊ីយ៉ានីតនៅក្នុងប្រភពទឹក​ គឺគ្រោះថ្នាក់បំផុតនៅក្នុងទឹកគឺ កើតឡើងពីសកម្មភាពរបស់មនុស្ស រួមមាន​ ការជីកយករ៉ែមាស និងប្រាក់ (ប្រភពសំខាន់),​ ការផលិតគីមី និងលោហៈ,​ ការផលិតដែកថែប និងការលាបថ្នាំអេឡិចត្រូផ្លាស្ទិច,​ ការលេចធ្លាយចេញពីអាងប្រព្រឹត្តិកម្មសំណល់រាវ និងការលេចធ្លាយកន្លែងចាក់សំរាម,​ ការឆេះសម្ភារសំយោគដែលផលិតអ៉ីដ្រូសែនស៊ីយ៉ានីត

កម្រិតសារធាតុស៊ីយ៉ានីតពុលក្នុងទឹកគឺ​ ស៊ីយ៉ានីត មានទម្រង់សេរី (CN) និងទម្រង់អីដ្រូសែនស៊ីយ៉ានីត (HCN) គឺជាទម្រង់ពុលបំផុត ជាតិពុលកើនឡើងនៅក្នុងទឹកដែលមានpH អាស៊ីត (pH ទាប) ជីវិតក្នុងទឹកងាយ​ និងរងគ្រោះខ្លាំងក្នុងកម្រិតទាបត្រឹម ១មីលីក្រាម/លីត្រ​ អាចបណ្តាលឱ្យត្រីងាប់ភ្លាមៗ។ ការប៉ះពាល់រយៈពេលវែងធ្វើឱ្យប៉ះពាល់ដល់ការបន្តពូជ ការលូតលាស់ និងការរំលាយអាហារ ចំពោះមនុស្ស ការប៉ះពាល់អាចកើតឡើងតាមរយៈទឹកដែលមានសារធាតុស៊ីយ៉ានីត ការបរិភោគត្រី ឬការស្រូបចូល។ ការពុលស្រួចស្រាវអាចបណ្តាលឱ្យដួល និងស្លាប់យ៉ាងឆាប់រហ័ស។

ពាក់ព័ន្ធនឹងបញ្ហាការបំពុលដោយសារធាតុស៊ីយ៉ានីតរបស់ក្រុមហ៊ុនអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុននៅខេត្តកំពង់ឆ្នាំងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអនុវត្តទៅតាមច្បាប់ចំពោះក្រុមហ៊ុនេះ​ ដោយគ្មានការលើកលែង​ នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយផ្អែកទៅលើក្រមបរិស្ថាន​ និងធម្មជាតិ​ បន្ទាប់ពីបានចុះទៅពិនិត្យដោយផ្ទាល់ដល់ទីតាំង។

ក្រុមហ៊ុននេះតម្រូវបិទអាជីវកម្មជាបណ្តោះអាសន្ន ហាមធ្វើសកម្មភាព និងស្នើដល់អាជ្ញាធរដាក់កម្លាំងសមត្ថកិច្ចឲ្យបន្តតាមដានចំពោះសកម្មភាពក្រុមហ៊ុន ចៀសវាងក្រុមហ៊ុនធ្វើសកម្មភាពជីករ៉ែបន្តទៀត។ ទន្ទឹមនេះក្រសួងបរិស្ថាន នឹងសិក្សាយ៉ាងលម្អិតអំពីហេតុប៉ះពាល់ដល់បរិស្ថាន​ និងការប៉ះពាល់ដល់ជីវិតសត្វពាហនៈ និងជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនេះក្រសួងនឹងចាត់វិធានការឱ្យក្រុមហ៊ុនស្ដារផលប៉ះពាល់លើបរិស្ថាន រៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ មុនបញ្ចេញ និងផ្ដល់សំណងដល់ការខូចខាតបរិស្ថាន៕